(ភ្នំពេញ)៖ គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Stavros Petropoulos មន្ត្រីគោលនយោបាយកិច្ចការបរទេសទទួលបន្ទុកកម្ពុជា នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ របស់សហភាពអឺរុប បានមកធ្វើទស្សនកិច្ច នៅសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីស្វែងយល់ពីដំណើរវិវឌ្ឍន៍ថ្មីៗ របស់តុលាការនៅក្នុងបេសកកម្មស្វែងរកការពិត និងយុត្តិធម៌ជូនពលរដ្ឋកម្ពុជា ដែលរងគ្រោះនៅក្នុងរបបខ្មែរក្រហម។
ក្នុងនោះដែរ គណៈប្រតិភូបានទស្សនាសាលសវនាការ ជួបពិភាក្សាការងារជាមួយចៅក្រម និងមន្ត្រីតុលាការ។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃសាលាក្តីខ្មែរក្រហមបានថ្លែងប្រាប់ គណៈប្រតិភូសហភាពអឺរ៉ុប អំពីការវិវឌ្ឍន៍ថ្មី នៃការជំនុំជម្រះក្តីលើទិដ្ឋភាពផ្នែកច្បាប់ រដ្ឋបាល និងហិរញ្ញវត្ថុ កេរតំណែលតុលាការ និងការចងចាំ និងការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបខ្មែរក្រហម។
ប្រធានការិយាល័យរដ្ឋបាលស្ដីទីរូបនេះ នៅក្នុងនាមសាលាក្តីខ្មែរក្រហម បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់តុលាការចាប់តាំងពី តុលាការបានចាប់ផ្តើមមក។
សហភាពអឺរ៉ុបជាម្ចាស់ជំនួយធំមួយ ក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់ សាលាក្តីខ្មែរក្រហម ហើយរហូតមកទល់ពេលនេះ ជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់ សាលាក្តីខ្មែរក្រហម មានចំនួនសរុប១៨.៣៥លានដុល្លារអាមេរិកហើយ ចាប់ពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញតាំងពីឆ្នាំ២០០៦មក។
ជាការឆ្លើយតប លោក Stavros Petropoulos បានវាយតម្លៃខ្ពស់ និងទទួលស្គាល់កិច្ចការ ដែលសាលាក្តីខ្មែរក្រហមបានបំពេញ ក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះរបបខ្មែរក្រហម ដែលកិច្ចការទាំងនេះ ពិតជាមានសារៈសំខាន់ដល់សង្គម ព្រមទាំងបានចូលរួមក្នុងការពង្រឹងការចងចាំរបស់មនុស្សជាតិ ការកសាងធនធានមនុស្សសម្រាប់កម្ពុជាផងដែរ៕