(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងបាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួនចូលបុណ្យសពកុមារទាំង ២នាក់ ដែលបានស្លាប់ដោយសារភ្លើងឆេះផ្ទះ។
នៅក្នុងពិធីចូលរួមបុណ្យសពនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការសោកស្ដាយ និងក្ដីរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនដល់ក្រុមគ្រួសារសព ដែល បានបាត់បង់ កូនប្រុស កូនស្រី ជាទីស្រឡាញ់ទាំងនៅក្មេងខ្ចី និងសូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធកុមារទាំងពីរ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅវេលាម៉ោង២៖១៥នាទី រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានអគ្គិភ័យបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលមានម្ចាស់ឈ្មោះ ស្រិញ ឈន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរប្រជាការពារ ភូមិជើងឯក និងប្រពន្ធឈ្មោះ យ៉ែម រ៉េត អាយុ៤៥ឆ្នាំ ហើយបានបណ្តាលឲ្យបាត់បង់ជីវិត មនុស្សចំនួន២នាក់ និងរបួសម្នាក់។
ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១ឈ្មោះ ស្រិញ ឈន អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិជើងឯក (រងរបួស) ទី២ឈ្មោះ យ៉ែម រមន្នី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន) និងជាយុវជនកាកបាទក្រហមប្រចាំវិទ្យាល័យទួលអំពិល (បានបាត់បង់ជីវិត) និងទី៣ឈ្មោះ ឈន វណ្ណៈ អាយុ១៧ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន)បានបាត់បង់ជីវិត។