(ភ្នំពេញ)៖ បន្ទាប់ពីសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា និងក្រុមហ៊ុនចិញ្ចឹមជ្រូក រួមទាំងកសិករចិញ្ចឹមជ្រូកខ្នាតតូច បានស្នើ និងសំណូមពរយ៉ាងទទូច ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទប់ស្កាត់ការនាំចូលជ្រូក មកកាន់ប្រទេសកម្ពុជា ព្រោះបានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ការចិញ្ចឹមរបស់ពួកគាត់នោះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងកសិកម្ម បានឆ្លើយតបជុំវិញករណីនេះ និងបានពន្យល់លម្អិត ពាក់ព័ន្ធការនាំចូលជ្រូក និងការយកចិត្តទុកដាក់របស់ក្រសួង ដើម្បីធានាដល់សុខភាពសាធារណៈ និងគ្រប់គ្រងដល់ស្ថិរភាពតម្លៃសាច់ នៅក្នុងទីផ្សារកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែមេសានេះ ក្រសួងបានលើកឡើងថា នៅឆ្នាំ២០១៧នេះ តម្លៃជ្រូកចុះថ្លៃខ្លាំង បើធៀបនឹងបណ្តាឆ្នាំមុនៗ ដែលការធ្លាក់ចុះថ្លៃនេះ មិនមែននៅតែកម្ពុជាទេ សូម្បីតែវៀតណាម និងថៃ ក៏ធ្លាក់ចុះដែរ។ ម្យ៉ាងទៀត នៅប៉ុន្មានខែចុងក្រោយនេះ ជ្រូកកសិករមិនត្រឹមតែចុះថ្លៃ គឺថែមទាំងគ្មានអ្នកចុះប្រមូលទិញ ដែលបណ្តាលមកពីការប្រកួតប្រជែងពីជ្រូកនាំចូល ដែលមានលក្ខខណ្ឌផ្គត់ផ្គង់ល្អជាង។ ជាលទ្ធផលអ្នកចិញ្ចឹមជ្រូកមួយចំនួន បានកាត់បន្ថយចំនួនសត្វចិញ្ចឹមរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់។
ជាមួយគ្នានេះ ក្រសួងបានពន្យល់អំពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់ការនាំចូល និងការចរាចរសត្វ និងផលិតផលមានដើមដំណើតពីសត្វ ផងដែរ ដើម្បីធានានូវសុខភាពសាធារណៈ និងការគ្រប់គ្រងដល់ស្ថិរភាពតម្លៃសាច់ សត្វ នៅលើទីផ្សារផងដែរ។
ក្រសួងកសិកម្មបានលើកឡើងទៀតថា ដើម្បីធានាស្ថិរភាពថ្លៃ និងតម្រូវការផ្គត់ផ្គង់ជ្រូកសាច់ក្នុងទូទាំងប្រទេស ក៏ដូចជាការធានាដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យដឹកជញ្ជូនជ្រូកសាច់រស់នាំចូល ជាបណ្តោះអាសន្នគិតជាមធ្យមប្រមាណ១២៥០ក្បាលក្នុងមួយថ្ងៃ។
សូមជម្រាបថា នៅថ្ងៃទី២៧ ខែមេសាម្សិលមិញនេះ ក្នុងកិច្ចប្រជុំក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ផ្នែកឯកជន នៅអគ្គនាយកដ្ឋាន សភាពាណិជ្ជកម្មកម្ពុជា ក្រោមការចូលរួមពីលោកឧកញ៉ា ម៉ុង ឬទ្ធី សហប្រធានក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ផ្នែកឯកជន និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងមានការអញ្ជើញចូលរួម ពីបណ្តាសមាគមអ្នកចិញ្ចឹមជ្រូក ក្រុមហ៊ុនធំ មធ្យម កសិករខ្នាតតូច និងអ្នកប្រកបរបរកសិកម្ម សរុបប្រមាណជាង៥០នាក់ បានសំណូមពរយ៉ាងទទូច ដើម្បីពិភាក្សា និងចូលរួមជាមួយក្រសួង ដើម្បីអនុវត្ត លើសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលជ្រូករស់ពីប្រទេសជិតខាង ធ្វើឱ្យបះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចិញ្ចឹមរបស់ពួកគាត់៕