(ភ្នំពេញ)៖ យោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី២៨ ខែមេសានេះឲ្យដឹងថា ក្រសួងយុត្តិធម៌នឹងរៀបចំកម្មវិធី ជួបជុំអ្នកកាសែតដ៏សំខាន់មួយ នៅចំថ្ងៃលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌បានបង្ហាញថា ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមាន «វគ្គស្វែងយល់ពិសេស អំពីក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ក្នុងគោលបំណងបកស្រាយនូវចម្ងល់នានា របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទងនឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានស្វែងយល់កាន់តែច្បាស់លាស់អំពីចំណាត់ការនីតិវិធីនានារបស់អយ្យការ និងតុលាការកម្ពុជា ក្នុងដំណើរការសំណុំរឿងព្រហ្មទណ្ឌ នៅម៉ោង ២៖៣០នាទីរសៀល ដល់ម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧»។
ការប្រកាសរបស់ក្រសួងយុត្តិធម៌ឲ្យជួបជុំកាសែត នៅចំថ្ងៃលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅតុលាការ, ត្រូវបានក្រុមអ្នកវិភាគឈ្មោះ ចៅចាក់ស្មុក លើកឡើងថា «នៅថ្ងៃនោះ ប្រហែលជាមិនមែនជាការជួបជុំតែប៉ុណ្ណោះ អាចជាការធ្វើសន្និសីទកាសែតសំខាន់មួយ ព្រោះថានៅថ្ងៃនោះទំនងអាចមានអ្វីកើតឡើងពិសេសមួយ ទើបបានក្រសួងយុត្តិធម៌ ប្រកាសជួបជុំ និងពន្យល់អ្នកកាសែតបែបនេះ, ដើម្បីកុំឲ្យសារព័ត៌មានជាតិនិងអន្តរជាតិ យល់ច្រឡំអំពីការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌនៅកម្ពុជា»។
ឆ្លើយតបនឹងការប្រកាសនេះផងដែរ អ្នកវិភាគចៅចាក់ស្មុក បានថ្លែងចំៗក្នុងនាមទស្សនៈផ្ទាល់ខ្លួនថា «សង្ស័យក្រសួងយុត្តិធម៌រៀបចំសន្និសីទបំភ្លឺកាសែត ក្រោយពីតុលាការ សម្រេចឃុំខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលបំភ្លឺតុលាការ»។
សូមជំរាបថា ទាំងលោក ឡុង រី និង លោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបំពេញកាតព្វកិច្ចចូលបំភ្លឺ ក្នុងនាមជាសាក្សីចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ហ៊ានចូលបំភ្លឺក្នុងនាមជាជនសង្ស័យដែរឬទេ ? អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ព្រមានថា តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យបាន ប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ។
កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ។ ចំពោះករណីនេះតុលាការសម្រេចចេញដីកាកោះហៅជនសង្ស័យ ជុន ច័ន្ទបុត្រ មកបំភ្លឺនៅតុលាការនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕