(ភ្នំពេញ)៖ លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងថា បញ្ហាបំណុលដែល កម្ពុជាជំពាក់អាមេរិក គឺជារឿងមួយដ៏ស្មុគស្មាញ តែលោកចង់ឃើញបំណុលនេះត្រូវបានដោះស្រាយ តាមរយៈកិច្ចពិភាក្សា និងចរចាដ៏ទូលាយមួយ។
ក្នុងជំនួបជាមួយអ្នកព័ត៌មាន ដើម្បីបង្ហាញគោលដៅនៃទស្សនកិច្ចនៅកម្ពុជាដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ លោក Patrick Murphy បានលើកឡើងថា វាជាប្រយោជន៍ទាំងអាមេរិក និងកម្ពុជា សម្រាប់ការដោះស្រាយទៅលើបញ្ហាបំណុលបន្សល់ពីអតីតកាលនេះ។
លោក Patrick Murphy បានថ្លែងដូច្នេះ «បញ្ហានោះវាពិតជាស្មុគស្មាញណាស់! ហើយខ្ញុំដឹងថា អ្វីដែលប្រឈមមុខដំបូង បន្ទាប់ពីស្ថានភាពដ៏អាក្រក់បំផុតរវាងកម្ពុជា និងសហរដ្ឋអាមេរិកនោះ គឺបញ្ហាដែលបានប្រឈមមុខគ្នាជាយូរយាណាស់មកហើយ ប៉ុន្តែវាមិនមែនកើតឡើងដោយគ្មានផលវិបាករបស់វានោះឡើយ។ ខ្ញុំអាចនិយាយបានថា ការដោះស្រាយបញ្ហាជាទូទៅកន្លងមក វាបានតម្រូវឲ្យមានកិច្ចចរចា និងពិភាក្សាគ្នា ហើយសហរដ្ឋអាមេរិក គឺបើកទូលាយណាស់សម្រាប់កិច្ចចរចា និងពិភាក្សាជាមួយកម្ពុជា ទៅលើការដោះស្រាយបញ្ហាទាំងនោះ...។ យើងចង់ឃើញបញ្ហាទាំងនោះ ត្រូវបានដោះស្រាយ គ្មានប្រទេសណាមួយអាចទុកវានោះទេ ហើយនៅក្នុងករណីកម្ពុជានេះ វាបានរាំងប្រទេសនេះ មិនឲ្យមានកិច្ចសហការ និងបង្កើតកម្មវិធីនានាជាមួយ IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ)»។
លោកឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក បានបន្តថា «ដូច្នេះខ្ញុំគិតថា វាជាប្រយោជន៍សម្រាប់គ្រប់គ្នា ចំពោះការយកបញ្ហាទៅដោះស្រាយ។ វាគឺជាអ្វីមួយដែលកម្ពុជាបានជ្រើសរើស និងទទួលស្គាល់ចំពោះអ្វីដែលកើតមានកាលពីអតីតកាល ដូច្នេះយើងត្រូវតែធ្វើការសិក្សាពីចំណុចនេះឲ្យបានច្បាស់លាស់»។
លោក Patrick Murphy បានគូសបញ្ជាក់ទៀតថា ក្នុងនាមជារដ្ឋបាលឯករាជ្យមួយ ក៏ដូចជាសហរដ្ឋអាមេរិក គឺមិនអាចច្រានបញ្ហាខាងលើឲ្យទៅណាឆ្ងាយ ឡើយបាននោះឡើយ ព្រោះជាកាតព្វកិច្ចមួយ ដែលត្រូវតែឆ្លើយតបដោយលក្ខណៈត្រឹមត្រូវបំផុត។
សូមបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ បានខ្ចីលុយអាមេរិក ប្រមាណ២៧៤លានដុល្លារ បូកសរុបទាំងការប្រាក់ផង មកដល់ពេលបច្ចុប្បន្នកម្ចីនេះ បានកើនដល់ប្រមាណប្រមាណ ៦៦២លានដុល្លារហើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យប្រធានាធិបតីថ្មីរបស់អាមេរិក លោក ដូណាល់ ត្រាំ លុបបំណុលនេះចោល។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបំណុលនេះ គឺជាបំណុលឈាម និងជាបំណុលដ៏កខ្វក់មួយ ព្រោះវាបានរួមចំណែកសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើននាក់។
អ្នកវិភាគដ៏ល្បី និងជានាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ប្រចាំនៅកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ធ្លាប់បានបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់លោកថា ប្រសិនបើកម្ពុជា សងបំណុលដែលជំពាក់អាមេរិកនេះ គឺជារឿងដ៏ឆោតល្ងង់បំផុត៕