(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំលោក សុខ លូ បានប្រាប់មន្ត្រីទាំងអស់ មិនឲ្យជាប់ពាក់ព័ន្ធការដាក់កុងត្រូលជជុះនោះទេ កុំឲ្យមានការពាក់ព័ន្ធ ព្រោះការអនុវត្តច្បាប់មិនបានគិតពីគ្នាឯង ឬអ្នកដទៃនោះទេ ដល់ពេលនេះហើយ គឺឈប់និយាយទៀត មន្ត្រីទាំងអស់ត្រូវធ្វើជាគំរូល្អ និងអំពើល្អដល់ប្រជាពលរដ្ឋ។
ការជំរុញ និងផ្តាំផ្ញើរបស់អភិបាលខេត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ -ឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយពិធីនេះក៏មានការចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពមន្ទី កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកជាង៤០០នាក់ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអានរបាយការណ៍ថា ក្នុងឆ្នាំ២០១៦ បង្រ្កាបបានបទល្មើសចំនួន៥៨លើ៧៧ ករណី នៃបទល្មើសរួមដែលកើតមានឡើងស្មើនឹង៧៤% ទទួលបានភាគរយខ្ពស់ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤៧ករណី ឃាត់ខ្លួន៦៩នាក់ បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់។
លោកអភិបាលខេត្តបានផ្តាំថា «គ្រប់ប៉ុស្តិ៍ទាំងអស់ មិនត្រូវមានល្បែងស៊ីសងនោះទេ ហើយមិនត្រូវថា មិនដឹងថា មានល្បែងស៊ីសងនោះដែរ ។ ចំពោះកម្លាំងគ្រប់ប៉ុស្តិ៍ត្រូវពង្រឹង និងក្តាប់សភាពការណ៍ តាមដានមុខសញ្ញាជាប្រចាំ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់កន្លែងកុំឲ្យ ពេលឃោសនា និងពេលបោះឆ្នោតមានការកើតឡើងភាពអសន្តិសុខឲ្យសោះ»។
លោក ឡុង ផល បានណែនាំឲ្យផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋឲ្យបានយល់ ដូចជា៖ ច្បាប់ចរាចរណ៍ និងគ្រឿងញៀនគ្រឿងស្រវឹង នៅតាមភូមិ វត្តអារ៉ាម សាលារៀន ទីប្រជុំជន ពេលមានពិធីបុណ្យទាន ឬពិធីការដែលចាក់ធុងបាស់រាំលេងកំសាន្ត ចំពោះការដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ ត្រូវអនុវត្តទៅតាម បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំត្រួតពិនិត្យ ដើម្បីឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបានផ្សារភ្ជាប់សាមគ្គីភាពជាមួយសហគមន៍។
លោកបានបន្តទៀតថា «ត្រូវបង្កើនការប្រមូលផ្តុំដឹកនាំមូលដ្ឋាន ឲ្យចូលរួមសកម្មក្នុងការថែទាំរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងខិតខំដោះស្រាយនូវរាល់សំណូមពរ ដែលប្រជាបលរដ្ឋបានលើកឡើង ឲ្យបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវ។ ត្រូវយកចិត្តផ្សព្វផ្សាយឲ្យ បានទូលំទូលាយ និងជ្រួតជ្រាបនូវទស្សនៈ និងវិធីសាស្រ្ដធ្វើឲ្យសម្រេចបាននៃខ្លឹមសា រនៃប្រធានបទ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់មហាជនគ្រប់ទីកន្លែង»៕