(ហ្វីលីពីន)៖ អ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានជួបជាមួយថ្នាក់ដឹកនាំប្រទេស និងមេដឹកនាំវិស័យឯកជនអាស៊ាន ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៧។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមេសា ម្សិលមិញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរៈកិច្ចអាស៊ានលើកទី៧០ នៅប្រទេសហ្វីលីពីន ដោយកិច្ចប្រជុំនេះមានការចូលរួមវិស័យឯកជនទូទាំងតំបន់អាស៊ាន ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងបញ្ហាប្រឈមនានា ដើម្បីធ្វើជារបាយការណ៍សង្ខេបជាក់លាក់ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន។
វិស័យឯកជនត្រូវចាត់ទុកជាដៃគូចាំបាច់ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកបង្កើតការងារ បង្កើតចំណូលជីវភាពប្រជាជន បង្កើតថវិកាជាតិ និងជំរុញល្បឿនសេដ្ឋកិច្ចជាតិ៕