(រតនគីរី)៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៧ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនវិនិយោគផ្សេងនៅក្នុងខេត្ត ចូលរួមគាំទ្រជួយដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជាខេត្ត តាមរយៈទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលត្រៀមរៀបចំនាថ្ងៃទី០៨ ខែឧសភា ខាងមុខនេះ។
ទន្ទឹមនឹងនេះ អភិបាលខេត្តរតនគិរី ថ្លែងនូវការកោតសរសើរ ចំពោះសប្បុរសជន ក្រុមហ៊ុនវិនិយោគ អាជីវករ សេវាករ មន្ទីរ អង្គភាព ប្រជាពលរដ្ឋ មន្ត្រីរាជការ ទូទាំងខេត្តទាំងអស់ ដែលកន្លងមកបានបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ចូលរួមគាំទ្រដល់សកម្មភាពសាខាកាកបាទក្រហមខេត្ត បានចុះជួយអន្តរាគមន៍បានភ្លាមៗ ចំពោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ទោះក្នុងកម្រិតណាក៏ដោយ តែនេះចេញពីទឹកចិត្តចូលរួម ចែករំលែកគ្នាក្នុងនាមមនុស្សជាតិតែមួយ។
សូមបញ្ជាក់ថា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នឹងរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៧ នាថ្ងៃទី៨ ខែឧសភា ខាងមុខនេះ ក្នុងគោលបំណងគៀរគរថវិកា សម្ភារៈ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ ជួយសង្គ្រោះដល់ជនងាយរងគ្រោះនានា ដូចជាគ្រោះមហន្តរាយ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ជាដើម៕