(រតនគិរី)៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៩​​គ្រួសារ​ នៅស្រុកលំផាត់​ នាព្រឹកថ្ងៃទី២៨ ខែ​មេសា ឆ្នាំ​២០១៧នេះ ទទួលបានអំណោយសប្បុរសធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី​ ដឹកនាំដោយលោក​ ថង​ សាវុន​ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត​​។

ពលរដ្ឋដែលទទួលបានការយកចិត្តទុកដាក់ នាឱកាសនេះ​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សាខាកាកបាទ ក្រហមកម្ពុជា​ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានផ្តល់ជាអំណោយ សប្បុរសធម៌​ ចែកជូនពួកគាត់ ក្នុងគ្រាដែលពួកគាត់ជួបប្រទះ​ទុក្ខលំបាក​​។

ជាមួយគ្នានោះ លោក​ ថង​ សាវុន​ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរងគ្រោះ ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ​ និងខិតខំបង្ក​បង្កើនផល​ ជួសជុលលំនៅដ្ឋានដែលខូចខាតឡើងវិញ​ ជាពិសេសអាជ្ញាធរមូលដ្ឋាន​ ត្រូវយកចិត្តទុកដាក់​ ចុះជួយអន្តរាគមន៍​ និងរាយការណ៍ភ្លាមៗ ចំពោះព្រឹត្តិការណ៍​ ហេតុការណ៍ណា ដែលមានការប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ​។

សូមបញ្ជាក់ថា សម្ភារៈដែលផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ​៣០​គីឡូក្រាម, មី​១​កេស, ត្រីខ​១យួរ, ឃីត (​មុង ភួយ សារ៉ុង ក្រមា)​១កញ្ចប់, ទឹកសុទ្ធអង្គរពូរ៉ូ​២កេស និង​ថវិកាមួយចំនួនតាមស្ថានភាពធ្ងន់ស្រាល​៕