(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោដឹកនាំដោយ លោក នុត ពុធដារ៉ា ប្រធានកិត្តិយស ដោយមានការចូលរួមពីក្រុមការងារខណ្ឌ សង្កាត់ ភូមិ ព្រះសង្ឃ និងយុវជនកាកបាទក្រហម បាននាំយកអំណោយ ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះ ដែលត្រូវភ្លើងឆេះផ្ទះបណ្តាលឲ្យស្លាប់កូន២នាក់ ខណៈឪពុករងរបួសធ្ងន់ ព្រមទាំងបានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។
អំណោយទាំងនេះរួមមាន៖ អង្ករ២៥០គីឡូក្រាម មី០៧កេស គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀតរួមជាមួយ ថវិកា ៣.៩០០.០០០រៀល។ ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានចេញថ្លៃមេរុសម្រាប់បូជាសព ជនរងគ្រោះទាំង២នូវថវិកា ៣៥០ដុល្លារ។ ក្រុមការងារកាកបាទក្រហមវិទ្យាល័យទួលអំពិល ក៏បានចូលរួមថវិកា ចំនួន១.៣០០.០០០រៀល ផងដែរ។
សូមបញ្ជាក់ថា នៅវេលាម៉ោង២៖១៥នាទី រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលមានម្ចាស់ឈ្មោះ ស្រិញ ឈន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរប្រជាការពារ ភូមិជើងឯក និងប្រពន្ធឈ្មោះ យ៉ែម រ៉េត អាយុ៤៥ឆ្នាំ ហើយបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន២នាក់ និងរបួសម្នាក់។
ជនរងគ្រោះទាំង៣នាក់រួមមាន៖ទី១ឈ្មោះ ស្រិញ ឈន អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិជើងឯក (រងរបួស) ទី២ឈ្មោះ យ៉ែម រមន្នី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន) ជាយុវជនកាកបាទក្រហមប្រចាំវិទ្យាល័យទួលអំពិល (បានបាត់បង់ជីវិត) និងទី៣ឈ្មោះ ឈន វណ្ណៈ អាយុ១៧ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន)បានបាត់បង់ជីវិត។
បើតាមភ្នាក់ងារ Fresh News បានរាយការណ៍ថា ចំណែកសម្ភារដែលខូចខាតរួមមាន៖ ផ្ទះទំហំ៤,៥០ម x ៥,៥០ម សង់អំពីឈឺលើថ្ម ក្រោម ឆេះទាំងស្រុងម៉ូតូចំនួន០១គ្រឿង កង់ចំនួន០២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួន។
អ្នកស្រី នៅ កុសល្យ អាយុ៥០ឆ្នាំ បានរៀបរាប់ឲ្យដឹងពីអគ្គិភ័យនេះថា គាត់ក្រោកបត់ជើង ពេលនោះគាត់ក៏ឃើញអណ្តាតភ្លើងឆេះ ក្នុងបន្ទប់ជាន់ខាងលើ ក្រោយមកម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធ ក៏រត់ចេញមកក្រៅ ស្រែកឲ្យអ្នកជិតខាងជួយ រួចរូបគាត់រត់ទៅយកទុយោ ទឹកមកជួយបាញ់ពន្លត់ ពេលនោះភ្លើងឆេះកាន់តែខ្លាំង ដោយពុំអាចជួយសង្រ្គោះបាន ទើបធ្វើឲ្យឆេះផ្ទះទាំងស្រុង និងបណ្តាលឲ្យ ស្លាប់ក្មេងៗទាំង២នេះគួរឲ្យអាសូរណាស់៕