(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនមានការពង្រីក និងអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស ខាងផ្នែកផ្ទេរប្រាក់ បានរៀបចំកម្មវិធីជួបជុំភ្នាក់ងាររបស់ខ្លួន ដែលស្ថិតនៅរាជធានីភ្នំពេញ ដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ទ្រូម៉ាន់នី។
កម្មវិធីជួបជុំនេះ បានប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីភ្នាក់ងារមកពីខណ្ឌផ្សេងៗគ្នា ប្រមាណជា៥០០ភ្នាក់ងារ ក្នុងនោះមានភ្នាក់ងារឆ្នើម ដែលទទួលបានពានរង្វាន់ និងរង្វាន់លើកទឹកចិត្តជាច្រើន ផងដែរ។ ក្រៅពីនេះ ភ្នាក់ងារដែលបានចូលរួម ក៏មានឱកាសឈ្នះរង្វាន់ជាច្រើន តាមរយៈការចាប់រង្វាន់ ពីក្រុមហ៊ុនទ្រូម៉ាន់នី។
តាមរយៈកម្មវិធីនេះ ភ្នាក់ងារបានទទួលនូវចំណេះដឹងថ្មីៗ ក៏ដូចជាគោលការណ៍ របស់ក្រុមហ៊ុនក្នុងការជួយសម្រួល ដល់ការផ្តល់សេវាកម្ម ជូនអតិថិជននិងវិធីសាស្រ្ត ជួយរកចំណូលទន្ទឹមនឹងនេះផងដែរ ភ្នាក់ងារទាំងអស់មានសេចក្តី សោមនស្សរីករាយយ៉ាងខ្លាំង ដែលបានធ្វើការប្រាស្រ័យទាក់ទង ជាមួយនឹងភ្នាក់ងារផ្សេងៗ មកពីទីតាំងខុសៗគ្នា ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ឲ្យគ្នា ទៅវិញទៅមក។
គួររំឭកផងដែរថា ទ្រូម៉ាន់នី ជាក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើនរួមមាន ដាក់ប្រាក់ ដកប្រាក់ ដាក់លុយទូរស័ព្ទ បង់វិក្កយបត្រ និងផ្ទេរប្រាក់ ដែលជាសេវាកម្មមួយ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនដោយក្រុមហ៊ុនបានគិតគូ ពីការចំណាយរបស់ប្រជាជនកម្ពុជា ដែលអតិថិជនចំណាយត្រឹមតែ២៥០០ រៀលតែប៉ុណ្ណោះ ក្នុងការផ្ទេរប្រាក់ក្រោម៤០០,០០០រៀល ឬក្រោម ១០០ ដុល្លា ជាមួយភ្នាក់ងារទ្រូម៉ាន់នី ជិត៥,០០០ ទីកន្លែងទូទាំងប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទ្រូម៉ាន់នី គឺជាក្រុមហ៊ុនដ៏ធំមួយ មានការិយាល័យនៅ៦ប្រទេស ដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ហើយក្រុមហ៊ុន នឹងពង្រីកអាជីវកម្មខ្លួន នៅគ្រប់ប្រទេសទាំងអស់ ទូទាំងអាស៊ាននៅពេលឆាប់ៗនេះ។
លោក គង់ មាន ជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទ្រូម៉ាន់នីប្រចាំប្រទេសកម្ពុជា បានធ្វើបទបង្ហាញពីផែនការ និងគោលការណ៍របស់ក្រុមហ៊ុន ព្រមទាំងមានប្រសាសន៍ ថ្លែងអំណរគុណដល់ភ្នាក់ងារទាំងអស់ ដែលបានចូលរួមកម្មវិធី និងសង្ឃឹមយ៉ាងមុតមាំថា ភ្នាក់ងារទូទាំងប្រទេស នឹងបន្តការសហការល្អជាមួយនឹង ក្រុមហ៊ុនក្នុងការផ្តល់សេវាកម្ម គួរជាទីពេញចិត្តជូនអតិថិជន។ បន្ទាប់ពីកម្មវិធីជួបជុំ នៅរាជធានីភ្នំពេញរួច ក្រុមហ៊ុនឹងបន្តរៀបចំ កម្មវិធីជួបជុំភ្នាក់ងារនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាបន្តបន្ទាប់។
សូមបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូន មានបំណងចង់ក្លាយជាភ្នាក់ងារទ្រូម៉ាន់នី សូមទំនាក់ទំនងលេខទូរស័ព្ទ ០៧០ ៩៩៩ ៦៣៩ / ០៨៩ ៩៩៩ ៦៣៩ ឬចូលទៅកាន់ ហ្វេសប៊ុក TrueMoney Cambodia និងវេបសាយ www.truemoney.com.kh សម្រាប់ព័ត៌មានបន្ថែម៕