(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បានព្រមានធ្ងន់ៗប្តឹងលើបុគ្គលរូបណា ដែលនៅពីក្រោយ និងលើកទឹកចិត្តឲ្យជនពិការបន្តប្រគំតន្រ្តីនៅតាមទីសាធារណៈ។
ការព្រមានធ្ងន់ៗរបស់លោក ឯម ច័ន្ទមករា បានធ្វើឡើងក្រោយពេល ដែលមានបុគ្គលមួយចំនួននៅតែបន្តជំរុញ និងលើកទឹកចិត្តឲ្យជនពិការបន្តប្រគំតន្រ្តី នៅតាមទីសាធារណៈ ផ្ទុយទៅនឹងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសង្គមកិច្ច ដែលរួមគ្នាលុបបំបាត់ និងទប់ស្កាត់សកម្មភាពនេះ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ឯម ច័ន្ទមករា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនឹងដាក់សំណើទៅថ្នាក់លើ ដើម្បីដាក់ពាក្យប្តឹង និងចាត់វិធានការក្តៅលើបុគ្គលមួយចំនួន ដែលនៅពីក្រោយ និងលើកទឹកចិត្តឲ្យជនពិការបន្តប្រគំតន្រ្តី នៅតាមទីសាធារណៈ។ ខ្ញុំគិតថា ទង្វើនេះប្រាសចាកពីឆន្ទៈរបស់ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសង្គមកិច្ច ដែលបានខិតខំប្រឹងប្រែង ទប់ស្កាត់ឲ្យខាងតែបានលើសកម្មភាពអនាធិបតេយ្យនេះ។ បើរកឃើញបុគ្គលណានៅតែញុះញង់ និងបន្តសកម្មភាពនេះ នឹងទទួលខុសត្រូវតាមផ្លូវច្បាប់ជាក់ជាមិនខាន»។
លោក ឯម ច័ន្ទមករា បានបន្ថែមថា យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ បានចែងថា អំពើទាញយកប្រយោជន៍ ដោយចេតនា ដោយរំលោភបំពានលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយនៃបុគ្គលនោះ បណ្តាលមកពីស្ថានភាព ពិការភាព ដោយបង្ខំបុគ្គលនេះ ឲ្យប្រព្រឹត្តអំពើ ឬមិនប្រព្រឹត្តអំពើ ដែលធ្វើឲ្យខូចប្រយោជន៍យ៉ាងធ្ងន់ធ្ងររបស់បុគ្គលនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ ពី២លានរៀល ទៅ៦លានរៀល។
គួរបញ្ជាក់ថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលះបង់នូវថវិកាផ្ទាល់ខ្លួន ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញឧបករណ៍តន្រ្តីទំនើបៗជូនជនពិការ យកទៅប្រគំតន្រ្តី នៅទីតាំងចំនួន៣ ក្នុងរាជធានីភ្នំពេញ រួមមាន នៅមុខវត្តបុទុមវត្តី វត្តភ្នំ និងអតីតទីលានប្រជាធិបេតយ្យ។
ឧបករណ៍តន្រ្តីទំនើបៗចំណាយ១៥ម៉ឺនដុល្លារដែលបានប្រគល់ជូនដល់ក្រុមតន្រ្តីជនពិការ ចំនួនជិត២០០នាក់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីជាការជួយ ដោះស្រាយជីវភាពរស់នៅ សម្រាលនូវទុក្ខលំបាក ដែលបងប្អូនក្រុមតន្រ្តី ជនពិការខ្វះខាត។ ឧបករណ៍ភ្លេងលេងទំនើបៗ ក្នុងនោះរួមមាន ឧបករណ៍ស្គរ ហ្គីតាសូឡូ ហ្គីតាបាស អ័ក គ្រឿងបំពង សំឡេង មេក្រូ អំភ្លី និងឧបករណ៍ភ្លេងទំនើបៗ ជាច្រើនមុខទៀត៕