(កំពត)៖ ថ្លែងចេញពីទឹកដីខេត្តកំពត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលបានជ្រើសរើស គាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះគឺជាការផ្តល់យុត្តិធម៌ តម្លៃដល់អ្នកធ្វើពិតប្រាកដ និងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសម្ពោធសាលាទទួលភ្ញៀវវត្ត «គាថាវង្ស» ស្ថិតក្នុងឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
នៅចំពោះមុខប្រជាពលរដ្ឋនៅទីនោះ លោក ហ៊ុន ម៉ាណែត បានរម្លឹកថា «កាលពីអតីតកាលប្រទេសយើង បានឆ្លងកាត់សង្គ្រាម ការបែកបាក់ ភាពវេទនា ប៉ុន្តែយើងជួបជុំគ្នាថ្ងៃនេះ ដោយសប្បាយរីករាយដើម្បីអបអរសាទរ សមិទ្ធិផលនានានៅថ្ងៃនេះ ដែលរួមគ្នា កសាង មិនមែនដើម្បីនរណាទេ គឺកសាងដើម្បីប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ។ យើងមានទឹកចិត្តរួមគ្នា ជួយធ្វើគ្នា ទោះបានតិច បានច្រើន ដែលនេះ គឺស្មារតីនៃការចែករំលែក សម្រាប់ប្រជាពលរដ្ឋដ៏មានសារសំខាន់។ ទោះបីប្រទេសតូចមួយ តែប្រជាពលរដ្ឋខ្មែរ គឺមានទឹកចិត្តណាស់ក្នុងការជួយគ្នា។ ជាក់ស្តែងប្រជាពលរដ្ឋ បានឧបត្ថម្ភគាំទ្រសំភារៈ ថវិកា និងស្មារតីដល់កងទ័ព ខណៈដែលមាន ការប៉ះទង្គិចគ្នាជាមួយកងទ័ពថៃនាពេលកន្លងមក»។
កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដ៏មានប្រជាប្រីយភាពរូបនេះ បានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរមានគុណធម៌ណាស់ ទោះបីរៀនសូត្រដល់ថ្នាក់ណាក៏ដោយ ក៏ដឹងគុណឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងដឹងគុណ ចំពោះអ្នកផ្តល់ឱកាស ឲ្យមានជីវិតមកដល់សព្វថ្ងៃ។ នេះមិនមែនរឿងនយោបាយទេប៉ុន្តែវាគុណធម៌ របស់មនុស្ស ជាសច្ចធម៌ ប្រវត្តិសាស្រ្ត។
លោកថា ព្រះពុទ្ធសាសនាបានដើរតួនាទីសំខាន់ណាស់ សម្រាប់ការរស់នៅរបស់មនុស្ស។ វត្តអារាមគឺជាទីកន្លែងប្រមូលផ្តុំនិងផ្សាភ្ជាប់ គ្នាក្នុងការធ្វើបុណ្យ ធ្វើពើល្អ បង្រៀន អប់រំសីលធម៌ គុណធម៌ ចេះដឹងបុណ្យបាប និងថែរក្សាវប្បធម៌ប្រពៃណី អរិយធម៌ធ្វើឱ្យសង្គម រីកចម្រើន។ នៅក្នុងជីវិតរបស់ប្រជាពលរដ្ឋ និងការដឹកនាំរបស់រាជរដ្ឋាភិបាល គឺពឹងផ្អែកលើព្រះពុទ្ធសាសនា គឺការមិនចងពារគ្នា ឲ្យមនុស្សស្គាល់បុណ្យស្គាល់បាប ប្រព្រឹត្ដអំពើល្អ មិនឱ្យដើរភូតកុហកប្រជាពលរដ្ឋ និងចៀសវាងអំពើអបាយមុខផ្សេងៗ។ សាសនាពិតជាបានចូលរួមអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន។
លោកបានបញ្ជាក់ថា «បើយើងប្រៀបធៀបបរទេសយើង នឹងមិនឃើញការអភិវឌ្ឍប្រទេសមិនដូចគេ ប៉ុន្តែបើយើងប្រៀបធៀបពីអតីតកាល ប្រទេសយើងមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅបានសុខសប្បាយ មានជីវភាពធូរធា កូនចៅប្រជារដ្ឋមានឱកាសការងារធ្វើ មន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ មានប្រាក់បៀវត្សសមរម្យ។ យើងមិនធ្វើបានលឿនដូចអ្នកដើរសន្យានោះទេ»។
លោករម្លឹកសារជាថ្មីទៀតថា ការជ្រើសរើសមេដឹកនាំប្រទេសមិនដូចជាការឆ្នោតនោះបើយើងជ្រើសរើស ត្រូវមានឱកាសរស់នៅក្នុង សុខសន្តិភាព មានក្តីសង្ឃឹមនិងឱកាសអភិវឌ្ឍប្រទេស តែបើយើងជ្រើសរើសខុសប្រទេសនឹងក្រឡាប់ចាក ដូចប្រទេសមួយចំនួននៅ លើពិភពលោកសព្វថ្ងៃ។
នៅក្នុងកម្មវិធីនោះគេសង្កេតឃើញថា ប្រជាពលរដ្ឋបានចាប់អោបថើប លោក ហ៊ុន ម៉ាណែត បង្ហាញពីការស្រឡាញ់យ៉ាងខ្លាំងផងដែរ៕