(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែល មាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងចូលបុណ្យថវិកាមួយចំនួនដល់លោក រិន សាវ៉េត សម្រាប់ធ្វើបុណ្យ ៧ថ្ងៃ ភរិយារបស់គាត់ដែលបានទទួលមរណភាពដោយសារជំងឺមហារីក កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើនូវការរំលែកទុក្ខជាមួយលោក រិន សាវ៉េត ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធប្រពន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោក រិន សាវ៉េត មានក្តីរំភើប និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា មាតាមនុស្សធម៌ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះទុក្ខលំបាកក្រុមគ្រួសារលោក ដោយបានជួយឧបត្ថម្ភជាបន្តបន្ទាប់ តាំងពីពេលភរិយាលោក កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យរហូតដល់បច្ចុប្បន្ននេះទៀត។
កាកបាទក្រហមកម្ពុជា នៅបានជួយឧបត្ថម្ភថវិកាមួយចំនួន ជូនលោក រិន សាវី អាយុ ៥៦ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់លោក រិន សាវ៉េត ផងដែរ៕