(បន្ទាយមានជ័យ)៖ មន្ដ្រីយោធានៅអង្គភាពអភិវឌ្ឍភ្នំឆ័ត្រយោង នៃយោធភូមិភាគទី៥ ឈ្មោះ រ៉េត រាត្រី ហៅ ឆិច បាននិងកំពុងរត់គេចខ្លួន ក្រោយពីបានបាញ់រះទៅលើគ្រួសារជនរងគ្រោះមួយ បណ្ដាលឲ្យស្លាប់៤នាក់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីយប់ទទួល ទេវតាឆ្នាំថ្មី ក្រោមហេតុផលស្រឡាញ់កូនស្រីម្ចាស់ផ្ទះមិនបាន។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះថា កម្លាំងនគរបាលរបស់លោក បាននិងបន្ដធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ជនដៃដល់រូបនេះដោយមិនបោះបង់ នោះឡើយ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ សមត្ថកិច្ចជំនាញ បានទទួលតម្រុញពីកន្លែងលាក់ខ្លួន ហើយនឹងបន្ដការងារតាមនីតិវិធី ដើម្បីឈានទៅដល់ការឃាត់ខ្លួន ឲ្យខានតែបាន។
សូមបញ្ជាក់ថា ហេតុការណ៍ឃាតកម្មដ៏សាហាវនេះ បានកើតឡើងនៅម៉ោង៣៖២៨នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅពេលដែលក្រុមគ្រួសារមួយ កំពុងអុជធូបទទួលទេវតាឆ្នាំថ្មី ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើង បាញ់រះ លើជនរងគ្រោះបណ្តាលឲ្យសមាជិក នៃក្រុមគ្រួសារ៤នាក់បានស្លាប់។
នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ឃាតកម្មដ៏រន្ធត់ខាងលើ កើតឡើងនៅក្នុងនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជនបង្កត្រូវបានគេស្គាល់ឈ្មោះថា រ៉េត រាត្រី ហៅ ឆិច អាយុ២៨ឆ្នាំ ជាមន្ត្រីយោធា អង្កភាពអភិវឌ្ឍន៍ភ្នំឆ័ត្រ យោធភូមិភាគទី៥។ ចំណែកជនរងគ្រោះ ដែលរងការបាញ់សម្លាប់រួមមាន ទី១៖ ឈ្មោះ ជួប សាំងលីន ប្រុសអាយុ ៣០ឆ្នាំ ទី២៖ ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី ស្រី៣២ឆ្នាំ ទី៣៖ ឈ្មោះ សុខ ខាត់ណា ស្រីអាយុ៥៥ឆ្នាំ និងទី៤ឈ្មោះ អឹម សំប៊ុន ប្រុសអាយុ ៣៤ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់មូលហេតុដែលនាំឲ្យមន្ត្រីយោធាខាងលើ ផ្ទុះកំហឹងឈានដល់ការបាញ់សម្លាប់ ស្ទើរផុតពូជមួយ គ្រួសារនេះ មកពីរូបគេសុំស្រឡាញ់កូនស្រី ក្នុងគ្រួសាររងគ្រោះមិនបាន ដោយឪពុកម្តាយគ្រួសាររងគ្រោះមិនព្រមឲ្យ ហើយថែមទាំងឲ្យ ទៅរៀបការជាមួយនឹងអ្នកផ្សេងទៅវិញ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីបានធ្វើសកម្មភាពបាញ់សម្លាប់គ្រួសារខាងលើរួចហើយ ជនល្មើសបានបើម៉ូតូ ស្លាកលេខ 1Q-5151 រត់គេចខ្លួនបាត់៕