(បន្ទាយមានជ័យ)៖ អតីតនាយរងច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ឈាន ពិសិដ្ឋ ដែលបានបាញ់ប្រហារមន្ដ្រីរួមការងារ នៅកន្លែងធ្វើការ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ រហូតមកដល់ពេលនេះ នៅបន្ដមានសេរីភាពនៅឡើយ ដែលធ្វើឲ្យមជ្ឈដ្ឋានសង្គមជាច្រើន រង់ចាំមើលពីចំណាត់ការចំពោះ ជនទំនើងមូយនេះ។
តែយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏មិនបានបោះបង់ចោលចំពោះប្រតិបត្តិការ ស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជននេះនោះ ឡើយ បើទោះបីទៅលាក់ខ្លួនៅទីណានោះ។
នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់ អង្គភាព Fresh News ថា កម្លាំងសមត្ថកិច្ចរបស់លោក បាននិងបន្ដធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជននេះ មិនបានបោះបង់ចោល នោះឡើយ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «តាមព័ត៌មាន ដែលទទួលបានជននេះ ដូចជាបានគេចខ្លួនចូលទឹកដីថៃ ប៉ុន្ដែប្រតិបត្តិការស្រាវជ្រាវរបស់យើង មិនត្រូវបានបញ្ឈប់នោះទេ»។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានចេញលិខិត ជាផ្លូវការ ប្រកាសដកហូតមុខតំណែង ឋានន្តរស័ក្តិ ឈាន ពិសិដ្ឋ ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ តាមការប្រកាសរបស់ក្រសួង មហាផ្ទៃ បានឱ្យដឹងថា ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិចាប់ពី ខែមេសា ឆ្នាំ២០១៧ តទៅ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៨៖៤៥នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ ឈាន ពិសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា បណ្តាលឲ្យរងរបួសនៅស្មា តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត។
ឈាន ពិសិដ្ឋ បានប្រើប្រាស់អាវុធខ្លី ម៉ាកហ្វេអាកុល បានបាញ់ទៅលើ លោក សេម មករា នាយផ្នែករដ្ឋបាលចំស្មារខាងឆ្វេង បណ្តាលឲ្យដាច់រលាត់ នៅក្នុងអង្គភាពធ្វើការតែម្តង ដោយសារតែភាគីទាំង២ បានឈ្លោះប្រកែកគ្នាខ្លះៗ។
សម្រាប់ហេតុការណ៍នេះ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ក៏បានចេញដីកាបញ្ជាឲ្យ ឈាន ពិសិដ្ឋ ចូលខ្លួន ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធ ករណីប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ប្រព្រឹត្តទៅក្នុងបរិវេណប៉ុស្តិ៍អន្តរជាតិអន្តោរប្រវេសន៍ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងដីកានោះបានបញ្ជាក់ថា «បញ្ជាឲ្យ ឈាន ពិសិដ្ឋ ភេទប្រុស ថ្ងៃកំណើតទី០៥ ខែមិថុនា ឆ្នាំ១៩៨០ មុខរបរជានាយរងប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យចូលមកបង្ហាញខ្លួន នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនិងករណី ប៉ុនប៉ង ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍អន្តរជាតិអន្តោរប្រវេសន៍ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ កំណត់ឲ្យបានមុនថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧»។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ សេម មករា បានបញ្ជាក់ថា «សូមប្តឹងទៅលើឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ ដែលបានយក អាវុធខ្លីមកបាញ់ប៉ុនប៉ងអាយុជីវិតខ្ញុំ ដោយចេតនានៅមុខបន្ទប់ធ្វើការ ក្នុងអង្គភាពនៅចំពោះមុខលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នៅពេលដែលខ្ញុំបានទទួលបញ្ជា ពីលោកនាយប៉ុស្តិ៍ឲ្យអញ្ជើញមន្រ្តីក្នុងប៉ុស្តិ៍ចំនួន០២នាក់ ដែលបានទះទង្គិចពាក្យសម្តីគ្នា នៅពេលបំពេញការងារជំនាញមកធ្វើការអប់រំ»៕
ជនដៃដល់ ឈាន ពិសិដ្ឋ ជនរងគ្រោះ សេម មករា