(ម៉ានីល)៖ បណ្ដាប្រទេសជាសមាជិកអាស៊ាន នៅថ្ងៃសុក្រនេះបានសម្ដែងក្ដីបារម្ភយ៉ាងខ្លាំងជុំវិញភាពតានតឹងនៅលើឧទ្វីបកូរ៉េ ជាពិសេស នោះគឺការបាញ់សាកល្បងអាវុធនុយក្លែអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ខណៈអគ្គលេខាធិការអាស៊ាន លោក Le Luong Minh ក៏បាននិយាយថា គោលជំហររបស់អាស៊ាននៅចំពោះមុខភាពតានតឹងក្នុងតំបន់ឧបទ្វីកូរ៉េ មានភាពច្បាស់លាស់ និងសមស្រប ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
លោក Minh នៅក្នុងបទសម្ភាសន៍ជាមួយ Channel News Asia បានបញ្ជាក់ថា គោលជំហរ របស់អាស៊ានក្នុងនោះរួមមានទំាងការអំពាវនាវឱ្យភាគីពាក់ព័ន្ធ បន្ធូរបន្ថយការប្រឈមមុខដាក់គ្នា លុបបំបាត់អាវុធនុយក្លេអ៊ែរ ព្រមទំាងដំណើរការឡើងវិញកិច្ចចរចា០៦ភាគី។ កិច្ចចរចា ០៦ភាគី មានការចូលរួមពីកូរ៉េខាងជើង កូរ៉េខាងត្បូង ចិន សហរដ្ឋអាមេរិក ជប៉ុន និងរុស្ស៊ីបានជាប់គាំងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់សាកល្បងគ្រាប់រ៉ុក្កែតកាលពី២០០៨ ។
ជុំវិញភាពតានតឹងនេះដែរ កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-Ho បានផ្ញើលិខិតជូន លោក Le Luong Minh ដើម្បីស្នើសុំការគំាទ្រពីអាស៊ាន ពាក់ព័ន្ធនឹងសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បន្ថែមពីលើនេះនៅក្នុងលិខិតនេះដដែល លោក Ri បានព្រមានថា ស្ថានភាពនៅឧបទ្វីបកូរ៉េបច្ចុប្បន្ន កំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមដោយសារតែសកម្មភាពរបស់សហរដ្ឋអាមេរិក ដូច្នេះលោករំពឹងថា អគ្គលេខាធិការអាស៊ាន នឹងជូនដំណឹងពីស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនេះ ប្រាប់ដល់បណ្ដារដ្ឋមន្ត្រីអាស៊ានទំាងអស់។
គួរបញ្ជាក់ថា បើតាមលោក Le Luong Minh សំណុំរឿងឧបទ្វីបកូរ៉េ នឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ នៅថ្ងៃសៅរ៍ស្អែកនេះ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕