(ព្រះសីហនុ)៖ ដោយមានការផ្តួចផ្តើមពីឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និង ជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចុះពង្រឹងស្រុកព្រៃឈរ បានដឹកនាំលោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងប្រជាពលរដ្ឋចំនួន ៧៥០នាក់ ធ្វើទស្សនកិច្ចនៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាល។
នៅក្នុងពិធីជួបជុំដែលធ្វើឡើងនាឆ្នេរសមុទ្រអូរឈើទាល ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអញ្ជើញជាអធិបតី និងបានជម្រាបជូន លោកគ្រូ អ្នកគ្រូ និងវេជ្ជបណ្ឌិត ព្រមទាំងប្រជាពលរដ្ឋ អំពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលដែលបានបញ្ចប់ សង្គ្រាមទាំងស្រុងនៅកម្ពុជា ហើយបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រទេស។
ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយព្រមទាំងការ ប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅផ្សេងៗ សំដៅធានាបានអភិបាលកិច្ចល្អ ដែលជាស្នូល នៃលទ្ធិប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ អ៊ុក ប្រជា ក៏បានជម្រាបជូនលោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងប្រជាពលរដ្ឋ អំពីសក្តានុពល ខេត្តព្រះសីហនុ និងគម្រោងសាងសង់ផែពហុបំណងថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផល និងទំនិញរាយរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាការផ្តល់សេវាភស្តុភា សម្រាប់ការរុករក ប្រេងនៅក្នុងដែនសមុទ្រកម្ពុជា។
លោករដ្ឋលេខាធិការ ក៏បានលើកយកពីសារៈសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តព្រះសីហនុ ដែលបច្ចុប្បន្នបានស្រូបយក វិនិយោគិនមកពីប្រទេសចិន ជប៉ុន បារាំង កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ចំនួនជាង ១០០សហគ្រាស និងបានកំពុងផ្តល់ការងារជូន ប្រជាជនខ្មែរជាង ១៦ម៉ឺននាក់។
សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ហើយ ដែលក្រុមការងារក្រសួងពាណិជ្ជកម្មបានរៀបចំឡើងបន្ទាប់ពីដំណើរទស្សនកិច្ច លើកទី១ ចូលរួមដោយពីលោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងប្រជាជនមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ៥០០នាក់ ដើម្បីស្វែងយល់ពី សក្តានុពល ខេត្តព្រះសីហនុ និងសារៈសំខាន់ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បម្រើសកម្ម ភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕