(កោះកុង)៖ លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់កម្មករ-កម្មការិនីថា បេឡាជាតិរបបសន្តិសុខសង្គម បង្កើតឡើងសម្រាប់កម្មករ-កម្មការិនីទាំងអស់ មិនដែលមានទេនៅជំនាន់មុន មានតែសម័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទេ ដែលបានគិតគូរបង្កើតឲ្យមានបេឡាជាតិ របបសន្តិសុខសង្គមនេះឡើង។
លោក សេង សក្ដា ថ្លែងបែបនេះ ក្នុងឱកាសចុះសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយ របបហានិភ័យការងារ របបថែទាំសុខភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កម្មករនៅក្រុមហ៊ុន CAMKO Motor Ltd ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង ខេត្តកោះកុង។
លោកថ្លែងយ៉ាងដូច្នេះថា «បេឡាជាតិរបបសន្តិសុខសង្គម សម្រាប់កម្មករកម្មការិនីទាំងអស់ មិនដែលមានទេនៅគ្រប់ជំនាន់មុនៗ មានតែសម័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទេ ដែលបានគិតគូរបង្កើតឲ្យមានបេឡាជាតិ របបសន្តិសុខសង្គមនេះឡើង»៕
លោកប្រធានបានបន្តថា ប.ស.ស មានភារកិច្ច ផ្តល់ជូនរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្ត។ ពេលកម្មករគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស ដូចខាក្រោម៖
១៖ លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ
២៖ លុយថ្លៃសង្គ្រោះបន្ទាន់
៣៖ លុយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ
៤៖ លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
៥៖ លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ
៦៖ លុយឧបត្ថម្ភប្រចាំថ្ងៃ ចំពោះអ្នកបាត់បង់គ្រោះថ្នាក់ការងារអចិន្ត្រៃយ៍
៧៖ ចំពោះគ្រោះថ្នាក់រហូតដល់ពិការភាពទទួលបានសម្ភារៈ ដូចជា ដៃជើងអវៈយវៈសិប្បនិម្មិត ឈើច្រត់ រទេះរុញ
៨៖ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា ជាងអ៊ុតសក់ ជាងសំអាង ជាងជួសជុលទូរស័ព្ទ ជាងភ្លើង
៩៖ ចំពោះជនរងគ្រោះរហូតដល់ស្លាប់ ទទួលបានលុយឧបត្ថម្ភធ្វើបុណ្យសពចំនួន ៤លានរៀល, លុយឧបត្ថម្ភកូនដល់អាយុ១៨ឆ្នាំ បើនៅរៀនផ្តល់ឲ្យដល់អាយុ២១ឆ្នាំ, លុយឧបត្ថម្ភ ប្តី ឬប្រពន្ធ កូន និងជនចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។
ជាមួយគ្នានេះ ប.ស.ស បាននិងកំពុងផ្តល់គោលរបបថែទាំសុខភាពដល់កម្មករ រួមមាន៖ ១.ទទួលបានសេវាពិគ្រោះជំងឺដោយមិនគិតថ្លៃ, ២.ទទួលបានការព្យាបាលដោយមិនគិតថ្លៃ, ៣.ទទួលសេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាពដោយមិនគិតថ្លៃ, ៤.ទទួលសេវាសម្រាលកូនដោយមិនគិតថ្លៃ, ៥.ទទួលបានសេវាថែទាំ និងបង្ការសុខភាពដោយមិនគិតថ្លៃ, ៦.រយៈពេល៣ខែ ឈប់សម្រាកមាតុភាព ទទួលបានប្រាក់ខែ ៥០% ពីថៅកែរោងចក្រ និងទទួលបាន ៧០% ពី ប.ស.ស សរុប១២០%។ នៅចុងឆ្នាំ២០១៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឱ្យដំណើរការនូវរបបសោធននិវត្ត សម្រាប់កម្មករនិយោជិត។
លោកប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស ក៏បានធ្វើការពន្យល់ និងណែនាំអប់រំពីសុវត្ថិភាពលើការធ្វើដំណើរ ដល់កម្មករទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ដែលមានខ្លឹមសារដូចខាងក្រោម៖
១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
២៖ មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងដាច់ខាត
៣៖ មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត
៤៖ មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពងងុយដេកដាច់ខាត
៥៖ ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត
៦៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
៧៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
៨៖ ត្រូវប្រកាន់ស្តាំជានិច្ច
៩៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
១០៖ ត្រូវប្រុងប្រយ័ត្នជានិច្ច៕