(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតផ្សងសំណាងថ្មីមួយទៀត មានឈ្មោះថា «មហាលាភឡូតូ» បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង ដោយបានផ្ដល់ភាពងាយស្រួល និងសុចរិតភាព នៅក្នុងការផ្សងសំណាង តាមរយៈសាខាផ្ទេរប្រាក់ វីង នៅទូទាំងប្រទេស។
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនឆ្នោត មហាលាភឡូតូ បានប្រកាសបើកសម្ពោធជាផ្លូវការរបស់ខ្លួន ជាលើកដំបូង ដែលជាក្រុមហ៊ុនឆ្នោតថ្មីមួយ ដែលផ្តល់នូវភាពសុក្រិត ទៅកាន់ប្រជាជនកម្ពុជាទំាងអស់ ក្នុងការឈ្នះរង្វាន់ជាទឹកប្រាក់ ដែលរង្វាន់ធំ មានចំនួនទឹកប្រាក់រហូតដល់ទៅ៣០០លានរៀល ដើម្បីផ្លាស់ប្តូរកម្រិតជីវភាពរស់នៅ របស់អ្នកមានសំណាង។
នាយកផ្នែកប្រតិបត្តិក្រុមហ៊ុនឆ្នោត «មហាលាភឡូតូ» លោក ផូង វ៉ាន់ហាច បានថ្លែងក្នុងសន្និសីទសាព័ត៌មាន ព្រឹកមិញនេះថា ក្រុមការងារឆ្នោតមហាលាភឡូតូ បានធ្វើការជាច្រើនខែមកហើយ ដោយចុះទៅស្រាវជ្រាវ ស្វែងយល់ពីមតិយោបល់អ្នកលេងឆ្នោត ទំាងអស់នៅទូទាំងប្រទេស។ យើងទទួលស្គាល់ថា ការលេងឆ្នោត មានសន្ទុះខ្លាំង ទំាងនៅទីក្រុង និងតាមទីជនបទ បានទាក់ទាញចំណាប់អារម្មណ៍ អ្នកលេងគ្រប់វ័យ និងគ្រប់វណ្ណៈ ប៉ុន្តែយើងបានរកឃើញថា ទំនុកចិត្ត និងតម្លាភាព គឺជាបញ្ហាមួយ ដែលអតិថិជនលេងឆ្នោតចង់បាន ក្នុងការលេងរបស់ពួកគាត់។
លោកបានបន្តថា សម្រាប់ «មហាលាភឡូតូ» អ្នកលេងឆ្នោត អាចទិញឆ្នោតបាននៅ គ្រប់សាខាវីងទាំងអស់ ចំនួន២៥០០សាខា និងអាចឈានទៅដល់ចំនួន៤៨០០សាខាវីង ទូទាំងប្រទេស ហើយនៅចុងខែឧសភានេះ ពួកយើងនឹងផ្តល់សេវាកម្មជាច្រើន ទៅលើឆ្នោតប្រកបដោយបច្ចេកទេសទំនើប ដល់អតិថិជនទំាងអស់ ដែលមានភាពត្រឹមត្រូវ និងតម្លាភាព ថែមទាំងផ្តល់លទ្ធផល ជាក់លាក់មិនលំអៀង ក្នុងការចាប់ឆ្នោតសម្រាប់អតិថិជន របស់យើង។ មហាលាភបានដោះស្រាយកង្វល់ទាំងនេះ ដោយប្រើបច្ចេកវិទ្យាថ្មី ដើម្បីសុវត្ថិភាព និងបញ្ជាក់ពីការចាប់ឆ្នោតទំាងអស់ ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ CTN ជារៀងរាល់ថ្ងៃ វេលាម៉ោង៤៖៤៥នាទី ជាមួយគណៈកម្មាធិការចាប់ឆ្នោត។
លោកនាយកផ្នែកប្រតិបត្តិ បានបន្ថែមទៀតថា ឆ្នោតមហាលាភ ត្រូវបានវិនិយោគ និងគ្រប់គ្រងដោយជនជាតិខ្មែរ មិនតែប៉ុណ្ណោះនឹងផ្ដល់ជាមូលនិធិមួយភាគ នៃប្រាក់ចំណេញរបស់ខ្លួន ទៅដល់មន្ទីរពេទ្យ ដើម្បីកែលំអ និងថែទាំសុខភាពទៅតាមតំបន់។
សូមបញ្ជាក់ថា ឆ្នោតនេះ គឺងាយស្រួលក្នុងការលេង ជាមួយនឹងតម្លៃដ៏ល្អប្រសើរ ហើយដើម្បីឈ្នះឆ្នោតនេះ អតិថិជន គ្រាន់តែចំណាយត្រឹមតែ១០០០រៀល (សម្រាប់លេខ៦ខ្ទង់) ក្នុងមួយខ្សែ ដើម្បីផ្សងសំណាងជាមួយលទ្ធផល ឬអាចឲ្យម៉ាស៊ីនជាអ្នកជ្រើសរើសលេខក៏បាន ដោយគ្រាន់តែលោកអ្នកប្រាប់លេខ ដែលចង់បាន៕