(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា ចម្លើយរបស់លោកស្រី ដែលផ្តល់ជូនតុលាការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ គឺជាការពិត ពាក់ព័ន្ធនឹងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា។
លោកស្រី មូរ សុខហួរ បានបញ្ជាក់យ៉ាងខ្លីប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការសាកសួរនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ខ្ញុំបានមកបំពេញកាតព្វកិច្ចតាមដីកាកោះនៃតុលាការក្រុងភ្នំពេញ ហើយចម្លើយរបស់ខ្ញុំទាំងប៉ុន្មាន គឺខ្ញុំនិយាយការពិត»។
ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ថា តើតុលាការបានសាកសួរអំពីអ្វីខ្លះពីលោកស្រីនៅឡើយទេ ដោយបង្វែរឱ្យអ្នកសារព័ត៌មាន ទៅសួរមេធាវីរបស់ លោកស្រី គឺលោក សំ សុគង់។ ចំពោះរឿងនេះ លោក សំ សុគង់ គ្រាន់តែប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា លោកស្រី មូរ សុខហួរ បានផ្តល់ចម្លើយនូវអ្វីដែលលោកស្រី បានជួប បានដឹង និងបានឃើញតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា លោកស្រី មូរ សុខហួរ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដើម្បីឱ្យផ្តល់សក្ខីកម្មជូនតុលាការអំពីករណី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារ ដោយបានប្រើប្រាស់តួនាទីជាជំនួយការអ្នកតំណាងរាស្រ្ត។
ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ក៏បានចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញរួចហើយដែរ ដើម្បីធ្វើជាសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ។ ការចូលបំភ្លឺនេះ បានបញ្ចប់នៅវេលា ម៉ោង១១៖០៥នាទីនាព្រឹកថ្ងៃទី២៧ ខែមេសាដដែលនេះ។
ក្រៅពីការកោះហៅតំណាងរាស្រ្តទាំងពីររបស់គណបក្សសង្រ្គោះជាតិ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សីនោះ តុលាការក៏បានកោះហៅ លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ឱ្យចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យ នាថ្ងៃទី០២ ខែឧសភា ខាងមុខនេះផងដែរ៕