(ភ្នំពេញ)៖ ទាំងលោក ឡុង រី និង លោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបំពេញកាតព្វកិច្ចចូលបំភ្លឺក្នុងនាមជាសាក្សីចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ។ មជ្ឈដ្ឋានមួយចំនួន រង់ចាំមើលថា តើលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ហ៊ានចូលបំភ្លឺក្នុងនាមជាជនសង្ស័យដែរឬទេ ? អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ព្រមានថា តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យបាន ប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ។
តុលាការ នៅថ្ងៃទី២៨ ខែមេសា បញ្ចប់ការសាកសួរលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង រួចហើយក្នុងនាមជាសាក្សី ពាក់ព័ន្ធករណីដែលលោកជុន ច័ន្ទបុត្រ បានបន្លំខ្លួនចូលពន្ធនាគារព្រៃស។
លោក សំ សុគង់ មេធាវីតំណាង អះអាងថា ទាំងលោកឡុង រី និងលោកស្រី មូរ សុខហួរ បានបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់រួចរាល់ហើយ ។ ប៉ុន្ដែលោកបដិសេធ ពុំនិយាយពីអ្វី ដែលតំណាងរាស្ត្រទាំងពីរ ប្រាប់តុលាការទេ ព្រោះជាការសម្ងាត់នៃការស៊ើបអង្កេត។
ថ្មីៗនេះ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកថា «អ្នកសារព័ត៌មានជាច្រើន បានចោទជាសំនួរថា តើលោក ជុន ច័ន្ទបុត្រ នឹងត្រូវឃាត់ខ្លួនឬទេនៅថ្ងៃចូលខ្លួនតាមដីកាកោះហៅរបស់តំណាងអយ្យការនោះ?» លោក គឹម សន្តិភាព បន្ថែមថា ខ្ញុំសូមជម្រាបជូនថាតំណាងអយ្យការ អាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃចូលខ្លួនប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ!។
បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំនៃ បទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះតែម្តង ដើម្បីអនុវត្តនីតិវិធីបន្ត! ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ!។
កន្លងមក លោកគឹម សន្តិភាព ធ្លាប់សរសេរក្នុងហ្វេសប៊ុកថា ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ! កន្លែងនេះ មិនមែនជាទីសាធារណៈសម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ!។
លោក បន្ថែមថា ទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំងឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោស ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់!។
គួររំលឹកថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ៕