(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ជេន ហានសិន (Jan Hansen) សេដ្ឋវិទូជាន់ខ្ពស់នៃធានាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើសុំ ADB ពិនិត្យលទ្ធភាពគាំទ្រវិស័យអទិភាពរបស់កម្ពុជារួមមាន៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនក្នុងក្របខណ្ឌកម្មវិធីភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន (PPP) និងកម្មវិធីកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធ ASYCUDA បច្ចុប្បន្ន។
«កិច្ចប្រឹងប្រែងនានាដើម្បីកាត់បន្ថយគម្លាតជំនាញ និងការបង្កើតនិរន្តរភាពសម្រាប់វិស័យពាក់ព័ន្ធ ពិតជាបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា»។ លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់។
ក្រៅពីកម្មវិធីខាងលើ លោកស្រីរដ្ឋលេខាធិការ ក៏បានស្នើដល់ ADB ពិចារណាគាំទ្រលើកម្មវិធីកសិឧស្សាកម្មកែច្នៃនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយផ្តោតសំខាន់លើឧស្សាហកម្មធុនស្រាល ដើម្បីជំរុញការផ្ទេរចំណេះដឹងបច្ចេកវិទ្យា និងការធ្វើទំនើបកម្មជំនាញបច្ចេកវិទ្យា ឬ រៀបចំបង្កើតវិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដើម្បីធ្វើជាជម្រើសសម្រាប់កម្មវិធីបង្កើនជំនាញ។
ជាការឆ្លើយតប លោក ជេន ហានសិន បានថ្លែងអំណរគុណដល់លោកស្រី តឹករ៉េត កំរង ដែលបានចែករំលែកកម្មវិធីអាទិភាព របស់ក្រសួងពាណិជ្ជកម្មដល់លោក និងក្រុមការងារ។ លោកសេដ្ឋវិទូ បានសម្តែងការចាប់អារម្មណ៍ខ្លាំង ចំពោះសំណើនានារបស់ក្រសួងពាណិជ្ជកម្ម និងបានសន្យា ធ្វើការពិនិត្យ និងសម្របសម្រួលដាក់ចូលសំណើទាំងនោះ ទៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកម្ម ជាមួយក្រសួងពាក់ព័ន្ធ សម្រាប់កម្មវិធីជំនួយពាណិជ្ជកម្មឆ្នាំ២០១៨-២០២០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
សូមបញ្ជាក់ថា ធនាគារ ADB មានគម្រោងផ្តល់ជំនួយ និងប្រាក់កម្ចីក្នុងរយៈពេលបីឆ្នាំ (២០១៨-២០២០) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តន៍គម្រោងជាច្រើនដូចជា៖ ការកសាងសមត្ថភាពលើការកែលម្អប្រព័ន្ធធារាសាស្រ្ត, ការអនុវត្តអនុកម្មវិធីទី៣ នៃកម្មវិធីអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយបរិយាប័ន, ការកសាងសមត្ថភាពសម្រាប់ពង្រឹងកម្មវិធីកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកសាងសមត្ថភាពដើម្បីអភិវឌ្ឍន៍ភាពជាដៃគូរវាងវិស័យសាធារណៈជាមួយវិស័យឯកជន និងចុងក្រោយកម្មវិធី គាំទ្រសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២០៕