(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ជំរុញឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងខេត្ត ត្រូវបន្ដការយកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនពលរដ្ឋ ដើម្បីបំពេញតាមតម្រូវការរបស់គាត់ ហើយចៀសវាងអំពើមួយចំនួនដែលនាំឲ្យល្អក់កករ។
ថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្ត និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំសន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដើម្បីឆ្លុះបញ្ចាំងពីការរីកចម្រើន បញ្ហាប្រឈមនានា និងចែករំលែកបទពិសោធន៍ ទៅវិញទៅមក។ ពិធីនេះបានប្រារព្ធទៅនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី មន្ដ្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្រៅពីការណែនាំការងារមួយចំនួន លោក វ៉ី សំណាង បានសម្ដែងនូវការ កោតសសើរចំពោះការដឹកនាំក្នុងមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយត្រូវបន្តយកចិត្តទុកដាក់ឲ្យបានប្រសើរជារៀងរហូត មិនតែប៉ុណ្ណោះធ្វើយ៉ាងឲ្យសមជាក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រសូត្រឡើងពីការបោះឆ្នោត របស់ប្រជាពលរដ្ឋពិតៗ ថែមទាំងបម្រើគ្រប់សេវារបស់ពួកគាត់វិញ។
យ៉ាងណាមិញ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទ ជៀសវាងធ្វើអ្វីឲ្យមានល្អក់កករ ដល់ទឹកចិត្តពលរដ្ឋ ហើយត្រូវឈប់ឲ្យកើតមានភាពមិនប្រក្រតីនានា ត្រូវលើកយកមកដោះស្រាយ ក្នុងជួរក្រុមប្រឹក្សាឲ្យបានល្អិតល្អន់ តាមឆន្ទៈឯកភាពរួម នេះហើយដែលពលរដ្ឋចង់បាន៕