Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអ្នករត់ម៉ូតូកង់បី ប្រចាំបេនឡានមុខរ៉ារថភ្លើង ក្នុងសង្កាត់ស្រះចក បើកឆាកប្រយុទ្ធគ្នា ដោយសារតែកាច់កុងគ្នារឿងដណ្តើមម៉ូយ

28-04-2017 11:50

(ភ្នំពេញ)៖ ក្រុមអ្នករត់ម៉ូតូកង់បី ប្រចាំបេនឡានខាងមុខរ៉ារថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានបើកឆាកកាប់ចាក់ប្រយុទ្ធគ្នា មួយប្រាវធ្វើឲ្យអ្នកចាញ់របួសដេកពេទ្យ ឯអ្នកឈ្នះត្រូវនគរបាលឃាត់ខ្លួនភ្លាមៗ ដោយសារតែកាច់កុង និងឌឺដងដាក់គ្នាជាញយដង រឿងរកស៊ីដឹកម៉ូយមិនចេះយោគយល់គ្នា។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ដែលត្រូវឃាត់ខ្លួនខាងលើនេះ ឈ្មោះ ស៊ិន ពិសី អាយុ៣០ឆ្នាំ មុខរបររត់ទុកទុក ស្នាក់នៅផ្ទះជួល នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានវត្ថុតាងដាវសាំម៉ូរ៉ៃ១ដើម។ ចំណែកជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ហ៊ី អាយុប្រហែល៤០ឆ្នាំ ស្នាក់នៅម្តុំវត្តឈូកវ៉ា ខណ្ឌសែនសុខ របួសដាច់ដៃស្តាំ កំពុងសង្រ្គោះនៅមន្ទីរពេទ្យព្រះតុមាលា មានមុខរបរដូចគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រវាងជនរងគ្រោះ និងជនដៃដល់ គឺជាអ្នករត់តុកតុក ប្រចាំការនៅម្តុំបេនឡានខាងមុខរ៉ារថភ្លើង ក្បែរព្រះសក្សមុនីចេតិយ្យនោះ តែងតែកាច់កុង និងឌឺដងដាក់គ្នាជាញយដង ព្រោះតែការរកស៊ីមិនចេះយោគយល់គ្នា ពីការដណ្តើមម៉ូយគ្នាដឹកនោះ។

ប្រភពព័ត៌មានបានបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុនេះដែរ ជនរងគ្រោះបានឌឺដង និងឈ្លោះគ្នាម្តងទៀត ទើបឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ធ្វើឲ្យជនដៃដល់ដែលលាក់ទុកកាំបិតសាំម៉ូរ៉ៃ នៅក្រោមតុកតុករបស់ខ្លួនបាន យកមកដេញកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសដៃស្តាំ ហូរឈាមស្រោចខ្លួន ហើយក៏ត្រូវបានអ្នករត់តុកតុកដូចគ្នា ដឹកបញ្ជូនទៅដេកពេទ្យធំភ្លាមៗ។ ចំណែកជនដៃដល់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកមកចាប់វ៉ៃខ្នោះ បញ្ជូនទៅសួរនាំនៅប៉ុស្តិ៍ភ្លាមៗផងដែរ។

ប្រភពព័ត៌មានបញ្ជាក់ថា សព្វថ្ងៃនេះបេនឡានមួយនោះ កំពុងបង្កភាពរញេរញាយយ៉ាងខ្លាំង ដោយសារតែការអនុញ្ញាតិរបស់សង្កាត់ស្រះចក ទើបធ្វើឲ្យចរាចរណ៍នៅម្តុំនោះ ត្រូវកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ធ្វើឲ្យអ្នកដំណើរឆ្លងកាត់ទីនោះ រអ៊ូរទាំគ្រប់គ្នាថា «ហេតុអ្វីបានគេ នៅតែអនុញ្ញាតឲ្យមានបេនឡាន នៅទីនោះតទៅទៀតនោះ ព្រោះកាលពីអតីតលោក គួច ចំរើន ជាអភិបាលខណ្ឌដូនពេញនោះ លោកបានលប់បំបាត់បេនឡាន នៅខាងមុខរ៉ារថភ្លើងឃើញថា ការកកស្ទះចរាចរណ៍នៅទីនោះ បានប្រសើរឡើងហើយ បើនៅតែមានឡាន រថយន្តឈ្នួល ហ៊ាននៅតែចតចាប់ម៉ូយនៅទីនោះតទៅទៀតនោះ លោក គួច ចំរើន បញ្ជាឲ្យចាប់មកសាលាខណ្ឌដូនពេញតែម្តង»

ម្យ៉ាងវិញទៀត ការកាប់ចាក់រវាងអ្នករត់តុកតុក ដែលបើកឆាកប្រយុទ្ធគ្នានោះ ព្រោះតែម្តុំនោះមានសម្បូរម៉ូយដឹកទើបពួកគាត់ ទាំងនោះចេះតែដណ្តើមគ្នា ព្រមទាំងមានការឌឺដងដាក់គ្នាចុះឡើង រហូតឈានដល់ការកាប់ចាក់គ្នាដូច្នេះតែម្តង។ ប្រជាពលរដ្ឋបានទទូចសំណូមពរ ឲ្យអាជ្ញាធររាជធានី គួរតែរកវិធីណាមួយឲ្យឈប់មានបេនឡាននៅទីនោះទៀតទៅ បើមិនដូច្នេះទេ ប្រហែលជាចរាចរណ៍នៅទីនោះ កាន់តែកកស្ទះ
ថែមទៀតហើយ៕