(សៀមរាប)៖ ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារ សហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាក និងជួយដោះស្រាយបញ្ហាជូនបងប្អូន ប្រជាពលរដ្ឋដោយផ្ទាល់ ដល់មូលដ្ឋាន។
យោងតាមរបាយការណ៍រយៈពេល៣ខែ នៃឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបាន ចុះទៅ ផ្សព្វផ្សាយ និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងតំបន់អង្គរបានចំនួន១០ភូមិ ដែលមានប្រជាជនចូលរួម៥៩៤នាក់។ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងអនុញ្ញាត សំណើសុំសាង សង់សំណង់តូចតាច និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដល់មូលដ្ឋានផ្ទាល់បានចំនួន១២១ករណី ដូចជា៖ ជួសជុលផ្ទះ ជួសជុលដំបូលផ្ទះ ជួសជុលជញ្ជាំងផ្ទះ ប្តូរសសរផ្ទះ កឥដ្ឋក្រោមផ្ទះ សាងសង់ បង្គន់ ចាក់ដី និងសាងសង់តូបលក់ដូរ ដោយមិនបាច់ធ្វើលិខិតស្នាម សុំបែបបទសាងសង់ ឬជួសជុលមកទីស្នាក់ការ អាជ្ញាធរជាតិអប្សរា។
ក្រៅពីនោះ ការងារស្នូលរបស់ក្រុមការងារសហគមន៍ ចុះផ្សព្វផ្សាយអំពីភារកិច្ចរបស់ អាជ្ញាធរជាតិអប្សរា និងអប់រំបេតិកភណ្ឌ ដល់ពលរដ្ឋក្នុងតំបន់អង្គរបានយល់ច្បាស់ពីតម្លៃនៃ មរតកវប្បធម៌ ដូនតារបស់ខ្លួន មានតាំងពីប្រាង្គប្រាសាទទំនៀមទម្លាប់ការរស់នៅ ការគោរពបូជា នូវជំនឿ ផ្សេងៗដែលធ្វើជាប្រចាំថ្ងៃតពីដូនតាមក។
ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរាបានចុះសួរសុខទុក្ខ និងនាំនូវកញ្ចប់សុខុមាលភាពម្តាយ និងទារក ទៅឧបត្ថម្ភជូនស្រ្តីទើបសម្រាលកូនបានចំនួន៣៩៩។ បន្ថែមលើការងារសង្គម អាជ្ញាធរជាតិអប្សរា ក៏បាននាំយកនូវថវិកាចំនួន១លានរៀល ទៅជូនអាជ្ញាធរមូលដ្ឋាន ភូមិថ្នល់ត្រង់ ឃុំរលួស ដើម្បីជួសជុលសាលាឆទានឡើងវិញ និងថវិកាចំនួន២លានរៀល ទៀតទៅឧបត្ថម្ភមេឃុំស្វាយចេក ដែលរងគ្រោះ ដោយភ្លើងឆេះផ្ទះ នៅភូមិគោកថ្មី ឃុំស្វាយចេក ស្រុកអង្គរធំ ព្រមទាំងថវិកាចំនួន១,២៩០,០០០រៀល ដើម្បីចូលរួមក្នុងពិធីបុណ្យឆ្លងកុដិថ្មី នៅវត្តរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាស័ង្កសីចំនួន២០សន្លឹក ទៅឧបត្ថម្ភ ដែលមានជីវភាព ខ្វះខាតនៅភូមតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីប្រក់ដំបូងផ្ទះ។
ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា តែងតែចុះទៅតាមគោលដៅរបស់ខ្លួនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ជារៀងរាល់ ដើម្បីដោះស្រាយបញ្ហាមួយចំនួនជូន ដល់ពួកគាត់។ អាជ្ញាធរជាតិអប្សរា តែងតែនៅក្បែរ និងយកចិត្តទុកដាក់គ្រប់បញ្ហាចំពោះ ពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណាឲ្យ ពលរដ្ឋក្នុងតំបន់អង្គរមានសេដ្ឋកិច្ច ល្អប្រសើរ ចំណេះដឹងទូលំទូលាយ និងមានភាពសុខសាន្ត ក្នុងសង្គមគ្រួសារ៕