(ព្រៃវែង)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយឃុំជៀច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញឲ្យមន្រ្តីទាំងអស់នៅមូលដ្ឋាន ពង្រឹងការងាររបស់ខ្លួនកាន់តែខ្លាំងឡើង ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះខណៈដែលលោក និងក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាលមន្រ្តី នៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងឃុំជៀច ស្រុកកំចាយមារ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
បន្ថែមពីលើនេះ លោក វង សូត បានបន្តថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផល ជាច្រើននៅតាមូលដ្ឋាន ជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោកបានបន្ថែមឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ គឺសម្រេចបាន សមិទ្ធផលថ្មីៗ ជាច្រើនទៀត ជូនជាតិ និងប្រជាជន ជាពិសេសការ ពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជន រស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិ។
លោក វង សូត បានលើកឡើងបន្តថា ទាក់ទិននឹងច្បាប់ បទបញ្ជានីតិវិធី និងក្រមសីធម៌សម្រាប់ ការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា គោរពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដោយបានចូលរួមយ៉ាងសកម្ម ជាមួយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងការពង្រីកបរិយាកាស នយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រិត និងប្រជាធិបតេយ្យ ដើម្បីធានាការបោះ ឆ្នោតប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បន្ថែមពីលើនេះ លោក វង សូត បានលើកឡើងទៀតថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដូច្នេះទើបក្រុមការងាររៀបចំ ពិធីបោះឆ្នោតស្ទាបស្ទង់ជាមុន ដើម្បីពិនិត្យមើលប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗ សំដៅធ្វើឲ្យការរៀបចំបញ្ជីបេក្ខជនតាមលំដាប់លេខរៀង ឲ្យមានប្រសិទ្ធក្នុងការប្រកួតប្រជែង។
ជាការកត់សំគាល់ រដ្ឋមន្រ្តី វង សូត និងសមាជិក សមាជិការប្រចាំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ ដើម្បីជាការពង្រឹងបន្ថែម លើការងារ និងបានពិនិត្យមើលការរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្ទាល់ផងដែរ៕