(កណ្តាល)៖ ប្រជាពលរដ្ឋជិត២០០គ្រួសាររស់នៅ ក្នុងភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាធ្វើដំណើរមកកាន់ ចំណុចប្រឡាយយាយបូ ដើម្បីតវ៉ាពីព្រោះពួកគាត់មិនទាន់បានដីមកកាន់កាប់នៅឡើយទេ ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចកាត់ដីទាំងនេះចេញពីការគ្រប់គ្រងរបស់លោកឧកញ៉ា ឡោក ហ៊ួរ។
ប្រជាពលរដ្ឋទាំងនេះ បានចោទថា ក្រុមការងាររបស់ក្រសួង និងអាជ្ញាធរខេត្តកណ្តាល បានវាស់ដីទាំងនេះទៅឲ្យឈ្មួញ៥នាក់ទៅវិញ ទាំងពួកគាត់មិនបានលក់ដូរទាល់តែសោះ។
នាអំឡុងការតវ៉ានាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក បៃ ចាន់ថន តំណាងប្រជាពលរដ្ឋ បានប្រាប់ក្រុមអ្នកកាសែតថា ដីនេះមានទំហំ ប្រហែល៨០០ហិកតា មានព្រំប្រទល់ខាងលិចជាប់នឹងប្រលាយយាយបូ ខាងកើតជាប់នឹងភូមិលេខ៥ ខាងជើងជាប់ឃុំបន្ទាយដែក ខាងត្បូង ជាប់ដីស្រែប្រាំងពលរដ្ឋភូមិលេខ៣។
លោកថា «ដីនេះប្រជាពលរដ្ឋ បានកាន់កាប់អាស្រ័យផល តាំងពីដើមមក ដោយប្រកបរបរធ្វើស្រែប្រាំង និងដាំដំណាំនានាតែដោយសារ ប្រកបរបរដាំដុះលែងបាន ពួកយើងបែរងាកមកប្រកបរបរនេសាទនៅរដូវវស្សា។ ស្រាប់តែពេលថ្មីៗនេះ មានមន្រ្តីជំនាញក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងមន្រ្តីភូមិបាលស្រុកស្អាង បានចុះទៅវាស់វែងដីទាំងនោះ ប្រគល់ទៅឱ្យឈ្មួញចំនួនតែ៥នាក់ទៅវិញ ដែលឈ្មួញទី១ឈ្មោះ គង់ បាន ២.លី សុវណ្ណ ៣.បូរ ប៉ុក ៤.លី ថា និង៥.ឈ្មោះ ស្រ៊ុន ប៊ុនផាត ដែលមិនមែនជាអ្នករស់នៅក្នុង ភូមិឃុំប្រសាទ នោះទៅវិញ»។
ពួកគាត់ងឿងឆ្ងល់ថា អនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសកាត់ដីពីលោកឧកញ៉ា ឡោក ហ៊ួរ ដើម្បីយកមកចែកជូន ប្រជាពលរដ្ឋ លោកវិញ ប៉ុន្តែមិនដឹងហេតុអ្វីក្រសួង មិនបានផ្តល់ឲ្យប្រជាពលរដ្ឋ ហើយបែរជាមកវាស់វែងដីប្រជាពលរដ្ឋ ទៅឲ្យឈ្មួញ ថែមទៀត។ ប្រជាពលរដ្ឋបានសំណូមពរ ទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជួយពិនិត្យមើលនិងជួយ ដោះស្រាយផង ដើម្បីកាត់ដីមកប្រគល់ឲ្យពួកគាត់ ជាម្ចាស់ដីពិតប្រកដបានប្រកបរបរកសិកម្មនានាវិញ ជាពិសេសទុកសម្រាប់ជាកន្លែង នេសាទត្រីព្រោះ គ្រួសារពួកគាត់ពឹងផ្អែកទាំងស្រុងទៅលើរបរនេះ បើមិនដូច្នេះទេ គ្រួសារពួកគាត់នឹងប្រឈមជីវភាពយ៉ាងខ្លាំ។
ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋនោះលោក ខឹម ច័ន្ទគីរី អភិបាលរងខេត្តកណ្តាល និងជាប្រធានគណៈកម្មការដោះស្រាយ វិវាទដីធ្លី បានថ្លែងថា កិច្ចការនេះចាំបាច់ត្រូវមានការស្រាវជ្រាវស៊ើប អង្កេតឲ្យបានច្បាស់លាស់បន្ថែមទៀត។ ក្នុងនាមជាអាជ្ញាធរខេត្ត លោកនឹងធ្វើការបន្តជាមួយ ផ្នែកជំនាញសុរិយោដីខេត្ត រកមូលហេតុអោយបានច្បាស់ថាតើ ពាក់ព័ន្ធជាមួយការគ្រប់គ្រងដីរបស់ ប្រជាជនបែបណា? ពាក់ព័ន្ធជាមួយឈ្មួញបែបណា តើការទិញលក់ដីកន្លងមកអ្នកណាអ្នកលក់ ឈ្មួញដែលជាអ្នកទិញជានរណា?៕