ស្ត្រីវៀតណាមម្នាក់ ចាប់កូនគេយកទៅលក់ក្នុងតម្លៃ៤០០ដុល្លារ ត្រូវជាប់ខ្មោះរបស់នគរបាល (Video inside)
28-04-2017 10:59
(កណ្ដាល)៖ ស្ត្រីជាជនជាតិវៀតណាមម្នាក់ បានធ្វើសកម្មភាពចាប់កូនគេ យកទៅលក់ក្នុងតម្លៃ៤០០ដុល្លារ ដោយប្រាប់អ្នកទិញថា ជាកូនរបស់ខ្លួន ក្រោយពីបានរត់គេចខ្លួនបាន១យប់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន និងទៅរំដោះកុមាររងគ្រោះមកវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ ង្វៀង ធីហឿង អាយុ៣០ឆ្នាំ មុខរបរលក់ខោរអាវចាស់ៗ រស់នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ(២) ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាលបន្តថា ចំណែកកុមាររងគ្រោះឈ្មោះ គង់ វ៉ាន់ ដា (ហៅឌាំង) ភេទស្រី អាយុ៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អ្នកទិញក្មេងឈ្មោះ ផាម ធីង៉ោ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម នៅភូមិ ឃុំកើតហេតុខាងលើ។
នគរបាលបានបន្តទៀតថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានដើរសុំខោអាវគេ នៅចំណុចកើតហេតុខាងលើ បានប្រទះឃើញក្មេងរងគ្រោះ កំពង់រត់លេងតាមផ្លូវ ពេលនោះជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់ក្មេងរងគ្រោះ យកមកលក់ឲ្យឈ្មោះ ផាម ធីង៉ោ ក្នុងតំលៃ៤០០ដុល្លារ ដោយប្រាប់ថាក្មេងនេះជារបស់កូនខ្លួន។
ក្រោយពីទទួលបានលុយរួចរាល់ហើយនោះ ជនសង្ស័យបានត្រឡប់ទៅភ្នំពេញវិញ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ទើបនគរបាលប៉ុស្តិ៍ស្វាយប៉ាក ធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យ និងបានឃាត់ខ្លួនភ្លាមៗ រួចនាំខ្លួនជនសង្ស័យទៅសហការ ជាមួយកម្លាំងជំនាញប៉ុស្តិ៍ពោធិ៍បាន និងកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកកោះធំ ទៅរំដោះក្មេងរងគ្រោះមកវិញផងដែរ រួចនាំយកកាន់អធិការដ្ឋានឬស្សីកែវ ដើម្បីចាត់ទៅតាមនីតិវិធីច្បាប់៕