(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោក កើត សុធា បានលើកឡើថា ក្រុមប្រឹក្សាឃុំ-សង្កាត់ នៃអាណត្តិនីមួយៗ ត្រូវធ្វើសេចក្ដីរាយការណ៍ និងរាយការណ៍ អំពីសមិទ្ធផលនានាដែលខ្លួនសម្រេចបាន ក្នុងអាណត្តិរបស់ខ្លួន ជូនរាជរដ្ឋាភិបាល និងពលរដ្ឋផងដែរ ដើម្បីបង្ហាញពីភាពស្មោះត្រង់ក្នុងការអនុវត្តការងារ។
ថ្លែងបែបនេះរបស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសលោក និងលោក ឡី ចាន់ឆាយ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣។
ពិធីនេះ ប្រារព្ធនៅសាលប្រជុំធំសាលាខេត្តប៉ៃលិន ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត ស្រុក ក្រុង, រដ្ឋបាលខេត្ត ក្រុង ស្រុក, លោកអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត, ក្រុមប្រឹក្សាឃុំ សង្កាត់, មេឃុំ ចៅសង្កាត់ និងតំណាងអង្គការសង្គមស៊ីវិល ព្រមទាំងវិស័យឯកជនសរុប១៩១នាក់ ។
លោក កើត សុធា បានឲ្យដឹងថា ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងអនុក្រឹត្យលេខ២២អនក្រ.ប្រក ចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០០២ ស្តីពីការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ចឲ្យទៅក្រុមប្រឹក្សាឃុំ សង្កាត់ នោះ ដូច្នោះក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចំពោះរាជរដ្ឋាភិបាលផងដែរ។
អភិបាលខេត្តប៉ៃលិន បានជំរុញឲ្យមន្ត្រីធ្វើអត្រានុគោលដ្ឋាន សៀវភៅគ្រួសារ ត្រូវពង្រឹងការងារ របស់ខ្លូនឲ្យបានល្អ ព្រោះកន្លងមក ប្រជាពលរដ្ឋមានបញ្ហាច្រើន ពាក់ព័ន្ធការយឺតយ៉ាវ ក្នុងការធ្វើសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ការបើកសន្និបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលនេះ ក្នុងគោលបំណងបង្ហាញសមិទ្ធផលការងារសំខាន់ៗ សម្រេចបានដោយក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣, មេរៀន និងបទពិសោធន៍ការងារល្អៗ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ និងបញ្ហាប្រឈម ព្រមទាំងអនុសាសន៍នានា របស់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ ដើម្បីដោះស្រាយ និងកែលម្អសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤៕