(សៀមរាប)៖ ទោះបីនឿយហត់ដោយសារកម្ដៅថ្ងៃយ៉ាងណាក្ដី ក៏មិនអាចរារាំងចិត្តរបស់អ្នកស្រុកអង្គរបានឡើយ ដោយពួកគាត់ ស្រឡាញ់ការងារជួសជុលប្រាសាទ និងមិនត្រឹមតែប៉ុណ្ណោះ គឺចង់ឲ្យកូនចៅបន្ដការងារនេះថែមទៀត។
លោកតា សុត ជុយ គឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច ដែលនៅចំកណ្តាលបារាយណ៍ទឹកថ្លា បាននិយាយថា រយៈពេល៥ឆ្នាំមកហើយ ដែលលោកតាបានមកបំពេញការងារ នៅប្រាសាទមេបុណ្យខាងលិច ក្រោយគម្រោងជួសជុលប្រាសាទបាពួន ត្រូវបានបញ្ចប់ បើទោះបីជាត្រូវស្ថិតនៅក្រោមកម្ដៅថ្ងៃ លោកតាមិនចុះចាញ់ឡើយ ហើយចង់ឲ្យកូនចៅរបស់លោកតា បន្ដការងារនេះទៀត។
បើយើងសង្កេតមើលទៅ បុរសវ័យ៦១ឆ្នាំរូបនេះ គាត់នៅតែមានកម្លាំងដាប់ថ្ម ជាមួយនិងភាពរហ័ស កំពុងដាប់ថ្មបណ្តើរ ហើយលោកតាបានរំលឹកថា គាត់ធ្លាប់ធ្វើការក្នុងគម្រោងជួសជុលប្រាសាទបាពួនរយៈពេល១០ឆ្នាំ មុននឹងមកបំពេញការងារដូចគ្នានៅប្រាសាទមេបុណ្យខាងលិច មិនតែប៉ុណ្ណោះក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងការងារជាកម្មករជួសជុលប្រាសាទនេះ លោកបានចេះជំនាញមួយចំនួន ដូចជា៖ ដាប់ថ្ម ជាត់ដី និងរៀបសាបជាដើម។
ក្នុងស្ថានភាពគ្រួសារ ដែលមានកូន៨នាក់ក្នុងបន្ទុក រស់នៅភូមិគោកចក ឃុំគោកចក លោកតាបានឲ្យដឹងទៀតថា គាត់ស្រឡាញ់ការងារដែលគាត់កំពុងធ្វើសព្វថ្ងៃនេះណាស់ ទៅថ្ងៃខាងមុខ ក្រោយពេលលោកសម្រាកទៅ គាត់ចង់ឲ្យកូនចៅបន្តធ្វើការងារនេះ ព្រោះការងារជួសជុលប្រាសាទ ធ្វើឲ្យលោកមានអារម្មណ៍ថា ហាក់កំពុងជួយខ្មែរសាងសង់ប្រាសាទឡើងវិញយ៉ាងដូច្នេះដែរ៕