(ព្រះសីហនុ)៖ ប្រជាពលរដ្ឋ រួមនិងអាជីវករលក់ផលិតផល ម្ហូបអាហារតាមបណ្តាទីផ្សារនានាបានសាទរចំពោះសកម្មភាពរបស់ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដែលបានអនុវត្តការងារដូចភ្លៀងរលឹម ក្នុងការចុះពិនិត្យស្វែងរកសារធាតុហាមឃាត់ ឬគីមី ដែលឈ្មួញខិលខូចលួចបន្លំដាក់ចូលគ្រឿងសមុទ្រ បន្លែ ត្រីសាច់ជាដើម រួមទាំងសកម្មភាពផ្សព្វផ្សាយ អប់រំពីគុណភាពចំណីរអាហារ ដល់សិស្សានុសិស្សតាមសាលានានា ដែលមាននៅក្នុងមូលដ្ឋាន ខេត្តព្រះសីហនុ ដែលជាខេត្តទេសចរណ៍មួយយ៉ាងសំខាន់បំផុត។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ មន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយ មន្ត្រីស្ថាប័នពាក់ព័ន្ធ នៃខេត្តទេសចរមួយនេះ បានចុះទៅពិនិត្យស្វែងរកសារធាតុហាមឃាត់ ឬគីមី នៅផ្សារកងកេង ដែលមានទីតាំងតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងឃុំរាម ស្រុកព្រៃនប់ ប៉ុន្តែការត្រួតពិនិត្យនេះសមត្ថកិច្ចជំនាញមិនឃើញមានសារធាតុ ហាមឃាត់ ឬគីមីដាក់ក្នុងម្ហូបអាហារទាំងនោះទេ។ ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូលក៏បានចុះទៅផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ដែលមានទីតាំងស្ថិតនៅពីក្រោយផ្សារកងកេងផងដែរ។
លោក ជា ប៉ិច អនុប្រធានសាខា កាំកុងត្រូលខេត្តព្រះសីហនុ ក្នុងពិធីផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស បានបង្រៀនសិស្សានុសិស្សទាំងនោះអោយចេះរបៀប មើលកាលបរិច្ឆេទថ្ងៃផលិត និងផុតកំណត់ការប្រើប្រាស់ នៃផលិតផលនំចំណីដែលដាក់តាំងលក់ កំប៉ុងកំពិត ច្រេះស៊ី អាស័យដ្ឋានក្រុមហ៊ុនច្បាស់លាស់ ស្លាកយីហោជាដើម និងប្រាប់ពីគុណប្រយោជន៍ នៃការប្រើប្រាស់អំបិលអ៊ីយូត ដែលអាចបង្ការ ជំងឺពកករ ឬជំងឺផ្សេងៗទៀត រួមទាំងអត្ថប្រយោជន៍ នៃការបំបៅកូនដោយទឹកដោះ ហើយជៀសវាងការប្រើប្រាស់ម្សៅទឹកដោះគោ ចំពោះទារកដែលទើបនិងកើត រហូតដល់ធំ ហើយជាចុងក្រោយក្រុមមន្ត្រី ក៏បានស្នើដល់សិស្សានុសិស្សទាំងអស់ត្រូវជៀសវាង និងឆ្លើយថាទេ ចំពោះគ្រឿងញៀនដែលបំផ្លាញខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
ស្ត្រីអាជីវករម្នាក់ លក់គ្រឿងសមុទ្រក្នុងផ្សារកងកេង ក្រោយពីមន្ត្រីកាំកុងត្រូលបានត្រួតពិនិត្យ មិនឃើញមានសារធាតុហាមឃាត់ ឬគីមី ក៏បានសំនូមពរឲ្យ មន្ត្រីកាំកុងត្រូលធ្វើការត្រួតពិនិត្យជាប្រចាំផងដែរ ព្រោះរូបគាត់ក៏ទិញតពីគេយកមកលក់ ហើយពេលខ្លះក៏បានបរិភោគគ្រឿងសមុទ្រ ដែលដាក់លក់ខ្លួនឯងអស់ទាំងនោះផងដែរ។ ជាមួយគ្នានេះ រូបគាត់ក៏បានសំនូមពរឲ្យសមត្ថកិច្ចទាំងអស់ តាមបណ្តោយព្រំដែនធ្វើការរិតបន្តឹងចំពោះច្រករបៀង និងធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ នៅតាមច្រកព្រំដែននានា ឲ្យបានតឹងរ៉ឹង។
ស្រដៀងគ្នានោះ លោក បួន ណារិទ្ធិ ដែលជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានសំដែងការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលដែលបានធ្វើសកម្មភាពជាប្រចាំ និងជាពិសេសជួយផ្សព្វផ្សាយ ដល់យុវជនខ្មែរនៅតាមសាលាមួយចំនួន ដែលធ្វើឲ្យយុវជនចេះមើលពីរបៀបមើលផលិតផលដែលមានគុណភាព។ លោកក៏បានសំនូមពរ ដល់សមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ និងរិតបន្តឹងមើលតាមបណ្តាព្រំដែន ប្រទេសនានាដែលនាំចូលមកស្រុកខ្មែរ មានដូចជា បន្លែ ត្រី សាច់ និងផលិតផលផ្សេងៗទៀតជាដើម ព្រោះច្រកព្រំដែន ក៏ជាប្រភពនាំចូលយ៉ាងច្រើនផងដែរ។
បន្ថែមពីនេះ លោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh Newsថា ក្រៅពីការងារស្នូលក្នុងការត្រួតពិនិត្យ និងរឹតបន្តឹង នៅតាមបណ្តាច្រកកំពង់ផែនានាក្នុងខេត្តព្រះសីហនុ អង្គភាពកាំកុងត្រូលរបស់លោក ក៏មានផែនការចុះពិនិត្យគុណភាពនំចំណី ម្ហូបអាហារ និងផលិតផលវេចខ្ចប់នានា នៅតាមបណ្តាទីផ្សារ និងផ្សព្វផ្សាយអប់រំដល់ សិស្សានុសិស្សនៅតាមសាលារៀននានា ក្នុងមូលដ្ឋានខេត្តព្រះសីហនុ ទៅតាមផែនការរបស់អគ្គនាយកដ្ឋានកាំកុងត្រូលជាប្រចាំ រៀងរាល់សប្តាហ៍។
យ៉ាងណាមិញ លោក ម៉ាង ស៊ីណេត ក៏បានសំដែងក្តីបារម្មណ៍ថា បើមិនមានការចូលរួមទាំងអស់គ្នាទេនោះ ការងារនេះក៏មិនជោគជ័យដែរ ហើយអ្នកចូលរួមទាំងនោះមានដូចជា បងប្អូនអាជីវករ គឺគាត់ត្រូវទទួលខុសត្រូវចំពោះទំនិញដែលគាត់តាំងលក់ ដោយមានទំនួលខុសត្រូវ ទាំងក្រមសីលធម៌ សុជីវធម៌ ក្នុងចិត្ត ក្នុងខ្លួនរបស់គាត់ ហើយចំពោះសកម្មភាពផ្សព្វផ្សាយអប់រំ នៅតាមសាលារៀននានា ក្នុងបំណងបណ្តុះបណ្តាលឲ្យយុវជនទាំងនោះ អាចក្លាយទៅជាមន្ត្រីកាំងកុងត្រូលមួយរូបផងដែរ។
ប្រធានសាខារូបនេះ បញ្ជាក់ថា ក្នុងការយល់ដឹងពីគុណភាពចំណីរអាហារ និងចេះត្រួតពិនិត្យមើលពីសុវត្ថិភាពម្ហូបអាហារ នំចំណីដែលគេដាក់តាំងលក់ដោយខ្លួនឯង មុនទិញយកមកប្រើប្រាស់ ដែលអាចបង្កាជំងឺនានា ដែលប្រឈមការបាត់បង់ថវិកា និងពេលវេលាជាដើម ហើយចំណេះដឹងនេះអាចជួយខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិទាំងមូល ដែលកត្តាទាំងនេះ ធ្វើឲ្យជនខិលខូចមិនមានឱកាសលួចផលិត ផលិតផលដែលគ្មានគុណភាពបន្លំដាក់លក់តាមទីផ្សារឡើយ៕