(ភ្នំពេញ)៖ ក្រុមបងធំអុកឡុកសង្គមមួយក្រុម បានបើករថយន្តម៉ាក Tundra ដេញបុកជនរងគ្រោះម្នាក់ គ្រាន់តែមើលមុខសោះ ហើយនៅពេលជនរងគ្រោះ រត់ចោលម៉ូតូស្រាប់តែពួកគេ បានយកម៉ូតូទៅដុតបំផ្លាញចោលបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋប្តឹងទៅសមត្ថកិច្ចភ្លាមៗ ចុះមកជួយអន្តរាគមន៍ ហើយចាប់វាយខ្នោះបានម្នាក់។
ហេតុការណ៍ក្រុមក្មេងទំនើងអ្នកមានបង្កសកម្មភាព អានាធិបតេយ្យនេះ បានកើតឡើងនៅវេលាម៉ោងទាបភ្លឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ នៅម្តុំរោងចក្រដំបូលខៀវ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែកម្លាំងនគរបាលតាមស្រាវជ្រាវ រហូតតាមចាប់ជនបង្កម្នាក់ ព្រមទាំងដកហូតបានរថយន្តរបស់ពួកគេមួយគ្រឿងផងដែរ ខណៈបក្ខពួកផ្សេងបានរត់គេចខ្លួនអស់។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះថា
នៅយប់ថ្ងៃទី២៧ ខែមេសា មានក្រុមក្មេងទំនើងមួយក្រុម គ្រាន់តែជនរងគ្រោះចូលលេងក្នុងក្លឹប SPYDER លើផ្លូវវេងស្រេង មើលមុខសោះ ស្រាប់តែពួកគេ បានបើករថយន្តTUNDRA មានបំណងមនុស្សឃាត បើកបុកជនរងគ្រោះបណ្តាលឲ្យដួល ហើយជនរងគ្រោះបានរត់គេច ពេលនោះជនសង្ស័យ បានលើកម៉ូតូជនរងគ្រោះម៉ាក DUK សេរីឆ្នាំ២០១៦ តម្លៃសរុបជាង៥០០០ដុល្លារ ដាក់លើរថយន្ត រួចយកទៅដុតចោលនៅមុខផ្ទះជនរងគ្រោះ ប៉ុន្តែដោយសារតែមានប្រជាពលរដ្ឋជួយអន្តរាគមន៍ ក៏ពួកគេបានយកទៅដុតចោលនៅម្តុំរោងចក្រដំបូលខៀវវិញ នៅវេលាម៉ោងប្រហែល៣ទាបភ្លឺ។
លោកអធិការបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍ខាងលើនេះកើតឡើង ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យតាមស្រាវជ្រាវជាបន្ទាន់ រហូតតាមចាប់ជនសង្ស័យបានម្នាក់ និងបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។ នៅពេលនេះជនសង្ស័យ បាននិងកំពុងស្ថិតក្រោមការសួរនាំពីសំណាក់សមត្ថកិច្ច ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
បើតាមប្រជាពលរដ្ឋ ដែលស្គាល់ជនទំនើងទាំងនេះ បានឲ្យដឹងថា ពួកនេះជាមុខសញ្ញាជួញដូរគ្រឿងញៀន និងប្លន់ផងដែរ ហើយមានលក្ខណៈសាហាវឃោរឃៅខ្លាំងណាស់ ដូច្នេះហើយសូមសមត្ថកិច្ច និងតុលាការចាត់ការឲ្យបានតឹងរឹងជាទីបំផុត។ មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានលួចបង្ហើបថា ជននេះមិនខ្លាចការចាប់ខ្លួននោះឡើយ ដោយរូបគេនិយាយថា មានលុយអាចដោះចេញថ្ងៃណា ក៏បានដែរ៕