(សៀមរាប)៖ តាំងពីយូរមកហើយ ការស្រាវជ្រាវស្តីពីអារ្យធម៌អង្គរ ភាគច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក ប្រាង្គប្រាសាទ និងសិល្បៈតែប៉ុណ្ណោះ។ ចំណែកឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ គេពុំសូវយកចិត្តទុកដាក់ទេ ទើបតែថ្មីៗនេះ ការសិក្សាស្រាវជ្រាវ អំពីកុលាលភាជន៍ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំង នៃឡបុរាណខ្មែរមួយចំនួន។
បេក្ខជនបណ្ឌិតសាកលវិទ្យាល័យ Australian National University លោក TSE SIANG LIM ដែលបានចុះធ្វើការស្រាវជ្រាវ ដើម្បីបញ្ចប់ថ្នាក់បណ្ឌិតរបស់ខ្លួន ក៏បានចាប់អារម្មណ៍ និងផ្តោតការស្រាវជ្រាវលើបញ្ហាកុលាលភាជន៍នេះដែរ។ កិច្ចការស្រាវជ្រាវរបស់លោកបានធ្វើឡើង តាមរយៈគម្រោងស្រាវជ្រាវមួយ ដែលមានឈ្មោះថា គម្រោងស្រាវជ្រាវអំពីវិសាលភាពអង្គរ (The Greater Angkor Project) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្ត្រាលី។
ក្នុងបទបង្ហាញ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា ពេលថ្មីៗនេះ លោក TSE SIANG LIM បញ្ជាក់ថា ទិន្នន័យដែលលោកទទួលបានពីការសិក្សាកុលាលភាជន៍ ដែលបានពីកំណាយនៅស្ថានីយព្រៃក្មេង និងភូមិល្វា នៅក្នុងស្រុកពួក ខេត្តសៀមរាប និងភូមិសូភី ដែលស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាដើម អាចជួយឲ្យលោកយល់ដឹងអំពីការប្រែប្រួល នៃសង្គមមនុស្សក្នុងសម័យបុរេ ប្រវត្តិបានច្រើន។
ជាក់ស្តែងលទ្ធផលកំណាយលើផ្នូរដែលស្ថិតនៅក្នុងយុគសម័យលង្ហិន (Bronze Age: 1000-500BC) បង្ហាញថា មានកុលាលភាជន៍តិចតួចជាង ផ្នូរក្នុងយុគសម័យដែក (Iron Age: 500BC-1000AD) ដែលនេះបញ្ជាក់ថា សង្គមមនុស្សក្នុងយុគសម័យដែក មានការរីកចម្រើនកាន់តែច្រើន។ លោក TSE SIANG LIM បន្ថែមថា វត្តមានកុលាលភាជន៍ ក្នុងផ្នូរថែមទាំងជួយប្រាប់យើងអំពី ការបែងចែកសង្គមអ្នកធូរធារ និងអ្នកក្រីក្រផងដែរ ដូចជា ក្នុងផ្នូរខ្លះមានកុលាលភាជន៍ច្រើន ប្រណីតៗ ជាងផ្នូរខ្លះទៀត ដែលស្ថិតនៅក្នុងសម័យកាលដូចគ្នា តែមានចំនួនកុលាលភាជន៍កប់ជាមួយតិចតួច និងមិនសូវល្អប្រណីត។
បទបង្ហាញនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម, លោកគ្រូ នាង សុភាព ជាគ្រូបង្ហាត់នៅសាលាគរុកោលស្យ និងវិក្រឹត្យការខេត្តសៀមរាប ដែលបានដឹកនាំគរុសិស្សជាង៣០រូប មកចូលរួមស្តាប់ បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រចំពោះបទបង្ហាញនេះ។ លោកគ្រូ ជឿជាក់ថា គរុសិស្សរបស់លោកនឹងបានទទួលចំណេះដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រ និងបន្តផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស ក្រោយៗទៀត។ ជាមួយគ្នានេះ លោកគ្រូក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរា បន្តរៀបចំបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវផ្សេងៗទៀត ដើម្បីបន្ថែមចំណេះដឹងដល់មហាជនទូទៅ។
ជាមួយគ្នានេះ លោក ត័ន ប៊ុនស៊ុយ អគ្គនាយករងទទួលបន្ទុកមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ លើកឡើងថា រាល់អ្នកស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរតែងតែ តម្រូវឲ្យមានការផ្តល់ជូនរបាយការណ៍ស្តីពីលទ្ធផល នៃការស្រាវជ្រាវរបស់ខ្លួន និងធ្វើបទបង្ហាញជាសាធារណៈ ចំពោះប្រធានបទណាដែលយល់ថា មានអត្ថប្រយោជន៍ច្រើនដល់អ្នកស្រាវជ្រាវ និងសាធារណជនជាប្រជាពលរដ្ឋខ្មែរ ហើយនេះជាកិច្ចសហការមួយដែលបានផ្តល់ប្រយោជន៍ដល់អ្នកស្រាវជ្រាវផង ដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីផង៕