(កំពង់ឆ្នាំង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានជាថ្មីទៀតថា នឹងចាត់ការទៅតាមច្បាប់ចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុងរូបណា ដែលនៅតែបណ្តោយឲ្យមានកុងត្រូលជជុះ ជំរិតទារលុយពីប្រជាពលរដ្ឋយ៉ាងអាណាធិបតេយ្យ។
ការព្រមានរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុក ក្រុងចំនួន៣៤ នៅក្នុងខេត្តចំនួន១៨។ ពិធីនេះត្រូវបានធ្វើនៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
ក្នុងពិធីនោះ សម្តេច ស ខេង បានគូសបញ្ជាក់យ៉ាងច្បាស់ថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវលុបបំបាត់ឲ្យបានជាដាច់ខាតនូវប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យ ដែលមិនស្របច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខរាជរដ្ឋាភិបាល ករណីមានការកើតឡើងនូវប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់។
សម្ដេចក្រឡាហោម បន្តថា ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់សំដៅទៅលើភ្នាក់ងារមានសមត្ថកិច្ចទាំងឡាយណា ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យដោយមិនមានការអនុញ្ញាតត្រឹមត្រូវ ឬ ភ្នាក់ងារមានសមត្ថកិច្ចទាំងឡាយណា ដែលបំពេញការងារនៅប៉ុស្តិ៍ត្រួតពិនិត្យស្របច្បាប់ តែធ្វើសកម្មភាពជំរិតពីប្រជាពលរដ្ឋ និងអាជីវករនានា។
សម្តេចក្រឡាហោម សង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហានេះ ត្រូវតែមានយន្តការមួយច្បាស់លាស់ ដូចជានៅថ្នាក់ជាតិមានគណៈបញ្ជាការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ បន្ទាប់មកមានលេខាធិការដ្ឋាន ជាជំនួយការឲ្យគណៈបញ្ជាការនេះ បូកនិងកម្លាំងអន្តរាគមន៍ចម្រុះដែលមានកងទ័ព នគរបាល កងរាជអាវុធហត្ថ ចំពោះកម្លាំងដែលអនុវត្តន៍ផ្ទាល់ គឺមានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានកម្លាំងចម្រុះសម្រាប់ប្រតិបត្តការនៅពេលមានប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យកើតឡើង៕