(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ដត្រួតពិនិត្យជនបរទេស១០៨នាក់ និងរកឃើញថា ៧១នាក់ចូលមកធ្វើការដោយគ្មានលិខិតឆ្លងដែន និងសៀវភៅការងារ នៅកន្លែងស្នាក់នៅរបស់កម្មករ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន និងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្នុងការអនុវត្តការងារនេះ ជំនាញបានត្រួតពិនិត្យឃើញពលករបរទេសចំនួន១០៨នាក់ ស្រីចំនួន១០នាក់មានចំនួន០២សញ្ជាតិ គឺជនជាតិចិនចំនួន៩០នាក់ ស្រីចំនួន០៦នាក់ និងជនជាតិវៀតណាមចំនួន១៨នាក់ ស្រីចំនួន០៤នាក់។
ប្រធាននាយកដ្ឋានរូបនេះ បន្ថែមថា ក្រោយបញ្ចប់ការត្រួតពិនិត្យ កម្លាំងនៃនាយកដ្ឋានស៊ើបអង្កេត បានឃាត់ជនបរទេសចំនួន៧១នាក់ ស្រី០៨នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន១៨នាក់ ស្រី០៤នាក់ និងជនជាតិចិនដីគោកចំនួន៥៣នាក់ ស្រី០៤នាក់ ពីបទលួចឆ្លងដែនចូលស្នាក់នៅ និងធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។
បច្ចុប្បន្នជនបរទេសទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕