(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី មូរ សុខហួរ បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចូលបំភ្លឺក្នុងនាមសាក្សីតាមការកោះហៅរបស់តុលាការ នៅក្នុងសំណុំរឿងបន្លំចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា។
លោកស្រី មូរ សុខហួរ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅ ដើម្បីឱ្យផ្តល់សក្ខីកម្ម ជូនតុលាការនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក អំពីករណី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារ ដោយបានប្រើប្រាស់តួនាទីជាជំនួយការអ្នកតំណាងរាស្រ្ត។
សូមជំរាបថា ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ក៏បានចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញរួចហើយដែរ ដើម្បីធ្វើជាសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ។ ការចូលបំភ្លឺនេះ បានបញ្ចប់នៅវេលា ម៉ោង១១៖០៥នាទីនាព្រឹកថ្ងៃទី២៧ ខែមេសាដដែលនេះ។
ក្រៅពីការកោះហៅតំណាងរាស្រ្តទាំងពីររបស់គណបក្សសង្រ្គោះជាតិ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សីនោះ តុលាការក៏បានកោះហៅ លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ឱ្យចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យ នាថ្ងៃទី០២ ខែឧសភា ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ និង លោក គឹម សុខ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕