(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ក្រោមមូលបទ «រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ តាមសេចក្តីជូនដំណឹងបានឲ្យដឹងដែរថា ក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងចូលរួមក្នុងជំនួបរវាងថ្នាក់ដឹក នាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន និងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ានផងដែរ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលប្រារព្ធធ្វើឡើងចំពេលអាស៊ានប្រារព្ធខួបលើកទី៥០ នៃថ្ងៃកំណើតរបស់ខ្លួននេះ ថ្នាក់ដឹកនាំអាស៊ាននឹងពិភាក្សាផ្លាស់ប្តូរទស្សនៈលើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈមមុខ ដើម្បីដលើកតម្កើងសន្តិភាព សន្តិសុខ និងវិបុលភាពថែមទៀតផងសម្រាប់តំបន់ និងភពលោក។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ការកំណត់អាទិភាពកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងដំណើរវិវត្តន៍និម្មាបនកម្មតំបន់ គឺជារបៀបវារៈរបស់អាស៊ាន ហើយក្នុងពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំអាស៊ាន នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ ដល់បញ្ហាដែលទើបកើតមានឡើងមួយចំនួន ដូចជាស្ថានភាពសេដ្ឋកិច្ច និងនយោបាយ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៥ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយពិភពលោក -សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី៩ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានគូសរំលេចថា ក្នុងឋានៈជាអង្គការតំបន់ដ៏មានជោគជ័យ តួនាទី និងការទទួលខុសត្រូវរបស់អាស៊ាន បានបន្តរីកធំឡើងជាលំដាប់ទៅលើបញ្ហាផ្សេងទៀត ដែលស្ថិតនៅក្រៅតំបន់។ សភាពការណ៍នៅមជ្ឈឹមបូព៌ា និងឧបទ្វីបកូរ៉េ ក៏ដូចជានៅលើពិភពលោក រួមទាំងសុខភាពសេដ្ឋកិច្ចពិភពលោក គឺជាការព្រួយបារម្ភខ្លាំងបំផុតរបស់អាស៊ាន។
សូមបញ្ជាក់ថា ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពិននាពេលនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអមដំណើរដោយមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ មានដូចជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមនិងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត៕