(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ចំនួន១៥នាក់ និងស្រាលចំនួន៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន៣១គ្រឿង និងរថយន្តធំ២គ្រឿង គោយន្ដ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែល បណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន ៥លើក, ស្រវឹង២លើក, មិនគោរពសិទ្ធ២លើក, ប្រជែង២លើក, មិនប្រកាន់ស្ដាំ២លើក និងកត្តាយានយន្ដ១លើក។
សូមបញ្ជាក់ថា រយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៦៥នាក់ របួសធ្ងន់៣៥៩នាក់ និងរងរបួសស្រាល២៦៤នាក់៕