(បាងកក)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Kobkarn Wattanavrangkul រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគី ថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ថៃ លើកទី១ ដើម្បីតាមដានការអនុវត្ត អនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីក្រុងបាងកក ប្រទេសថៃ។
បន្ទាប់ពីរបាយការណ៍របស់ក្រុមការងារទេសចរណ៍ លើកទី៣ កម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ អង្គប្រជុំបានសម្រេចបន្តជំរុញ អនុវត្តអនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
ទី១៖ ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ក្នុងនោះយកចិត្តទុកដាក់ជំរុញញការអនុវត្តទិដ្ឋាការទោល (ACMECS Single Visa) សម្រាប់ទេសចរប្រទេសទី៣ ជំរុញការប្រើប្រាស់បណ្ណឆ្លងព្រំដែន (Border Pass) សម្រាប់បណ្តាខេត្តជាប់ព្រំដែន និងសម្រួលការឲ្យមានច្រកពិសេស សម្រាប់ភ្ញៀវទេសចរអាស៊ាន (ASEAN lane) នៅតាមច្រកទ្វារអន្តរជាតិនានា។
ទី២៖ ការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍រួមគ្នាកម្ពុជា-ថៃ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (2 Kingdoms, 1 Destination)» តាមគ្រប់មធ្យោបាយ និងគ្រប់សកម្មភាព ទាំងនៅកម្ពុជា និងនៅថៃ។
ទី៣៖ ការជំរុញវិនិយោគលើវិស័យទេសចរណ៍ ពិសេសចំពោះគោលដៅទេសចរណ៍សំខាន់ៗ។
ទី៤៖ ការជំរុញការតភ្ជាប់ដំណើរកម្សាន្ត តាមនាវាសមុទ្រ តាមបណ្តោយឆ្នេររវាងកម្ពុជា និងថៃ។
ទី៥៖ ការអភិវឌ្ឍធនធានមនុស្ស ពិសេសយកចិត្តទុកដាក់ការបណ្តុះបណ្តាលផ្នែកជំនាញវិជ្ជាជីវៈ សេវាកម្ម និងការគ្រប់គ្រងគោលដៅទេសចរណ៍។
គួរកត់សម្គាល់ថា ក្នុងកិច្ចប្រជុំនោះ ភាគីថៃបានជូនដំណឹងថា ទេសចរព្យាបាលសុខភាពកម្ពុជា អាចស្នាក់នៅព្យាបាលក្នុងប្រទេសថៃ រហូតដល់រយៈពេល ៩០ថ្ងៃ ក្នុងដំណើរទស្សនកិច្ចម្តងៗ។
នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរជនជាតិថៃ មានចំនួនប្រមាណ ៣៥០ពាន់នាក់ ក្នុងកំណើន ១៣.៨% ឈរក្នុងលំដាប់លេខ៣។ ដោយឡែក សម្រាប់រយពេល២ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង១លាននាក់ ក្នុងនោះទេសចរជនជាតិថៃ មានចំនួន ៦៨,៧៦៥នាក់ កើនឡើងប្រមាណ ១៩%។ ជាមួយគ្នានេះ ទេសចរកម្ពុជាទៅទស្សនាប្រទេសថៃ ឆ្នាំ២០១៦ មានចំនួនប្រមាណ ៧០ម៉ឺននាក់ កើនឡើង ២៧%៕