(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានណែនាំឲ្យមន្ដ្រីនគរបាលទើបតាំងស៊ប់ ដែលមប្រើការងារឲ្យស្នងការដ្ឋាននគរបាលខេត្ត ត្រូវតែគោរពច្បាប់ ជាពិសេសវិន័យ០០៦ដែលចេញដោយក្រសួងមហាផ្ទៃ ហើយត្រូវខិតខំប្រឹងប្រែងធ្វើការជូនប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យបានល្អបំផុត។
ការថ្លែងណែនាំបែបនេះ របស់លោកស្នងការ ត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ដ្រីនគរបាលថ្មី ដែលទើបបានតាំងស៊ប់ ចំនួន៤៣នាក់ ក្នុងនោះស្រី១៩នាក់។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកស្នងការរង លោកនាយ-នាយរង ការិយាល័យបុគ្គលិក ផងដែរ។
លោកឧត្តសេនីយ៍ស្នងការ បញ្ជាក់ថា ចំពោះមន្ដ្រីនគរបាលណាក៏ដោយ មិនថាចាស់ឬក៏ថ្មីនោះទេ ត្រូវតែគោរពច្បាប់ និងគោរពវិន័យរបស់កងកម្លាំង ព្រោះកងកម្លាំងនគរបាលគឺតំណាងឲ្យជាតិទាំងមូល ដូច្នេះហើយចំពោះមន្ដ្រីណាដែលមិនគោរពច្បាប់ នឹងត្រូវដាក់ពិន័យជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា បន្ទាប់ពីពិធីសំណេះសំណាលត្រូវបានបញ្ចប់ លោកស្នងការ ក៏បានរៀបចំពិធីជប់លៀងដើម្បីជាការអបអរសាទរ និងលើកទឹកចិត្តដល់មន្ដ្រីនគរបាលដែលបានខិតខំបំពេញការងារ កន្លងមកផងដែរ៕