(ភ្នំពេញ)៖ លោក ឯក សេរីវុធ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ភ្លាមៗឲ្យដឹងថា ពិតជាឈាមស្រែកស្បែកហៅមែន ! ជនសង្ស័យជាឃាតក ដែលបានប្រើក្រម៉ារឹតកសម្លាប់យុវតីវ័យ១៦ឆ្នាំម្នាក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងយកទាំងគ្រឿងអលង្ការ រួមនិងទូរស័ព្ទ ហើយរត់គេចខ្លួនបាត់ស្រមោលរយះពេល២ថ្ងៃនេះ ត្រូវបានលោកឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាល ធ្វើយ៉ាងណា ត្រូវស្រាវជ្រាវតាមប្រម៉ាញ់រហូតចាប់ខ្លួនឃាតកបានហើយ និងដកហូតបានមកវិញបាននូវទូរស័ព្ទ១គ្រឿងផងដែរ នៅវេលាម៉ោង៥៖០០ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅឯផ្ទះបងប្អូនរបស់ជនសង្ស័យ ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា បន្ទាប់ពីកើតមានករណីឃាតុកម្ម ដោយជនសង្ស័យ បានប្រើក្រម៉ារឹតកសម្លាប់យុវតីម្នាក់ និងយកទាំងគ្រឿងអលង្ការ និងទូរស័ព្ទ ហើយរត់គេចខ្លួនរយះពេល២ថ្ងៃនេះ ត្រូវបានលោកដាក់បទបញ្ជាយ៉ាងក្ដៅគគុក ដើម្បីឲ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីលោក អេង សោភា ចាប់ដៃជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារសហការនិងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង និងក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីកម្លាំងនគរបាលការិយាល័យបច្ចេកទេសចក្ខុកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ«លើសាកសព»ផងនោះ និងបានធ្វើការសន្និដ្ឋាន ហើយវាយតម្លៃថា ជាករណីឃាតកម្មរួចមកខណៈដែលជនសង្ស័យពេលធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ«សព»ហើយក៍រត់គេចខ្លួនទៅរស់នៅជាមួយបងប្អូននៅឯខេត្តកំពង់ឆ្នាំង ទើបឈានដល់ការស៉ើបអង្កេតបើកកិច្ចសហប្រតិបត្តិការកំណត់បាននូវមុខសញ្ញាឃាតក ហើយក៏តាមប្រម៉ាញ់រហូតចាប់ខ្លួនបាននៅឯខេត្តកំពង់ឆ្នាំងតែម្ដង។
ជនសង្ស័យជាឃាតកដែលត្រូវចាប់ខ្លួនឈ្មោះ យ៉ុង ឧត្តម «ហៅទន្សាយ» ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសុីឈ្នួលដឹកគោ ស្នាក់នៅក្បែរផ្ទះជនរងគ្រោះ«សព» ឈ្មោះ ម៉ាន ស្រីមុំ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយឪពុកឈ្មោះ ទូ ល័សមាន និងម្ដាយឈ្មោះ ជីត ម៉ ជាខ្មែរឥស្លាម មានមុខរបរលក់សាច់គោ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្នុងក្រុមទី៦ ភូមិដើគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយតាមប្រម៉ាញ់ចាប់ខ្លួនជនសង្ស័យជាឃាតកបាននៅឯខេត្តកំពង់ឆ្នាំង រួមជាមួយវត្ថុតាងត្រូវបាននាំមកឃុំបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕