(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការ និងសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមជាមួយអាជ្ញាធរអ្នកស្ម័គ្រចិត្ត បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅផ្តល់ជូនប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាពេលកន្លងមកថ្មីៗនេះ។
លោក សៅ សារ៉ាត់ បាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះគ្រួសារដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់នាពេលនេះពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចជានិច្ចកាលបានតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូបជាប្រចាំ នៅទូទាំងប្រទេស តាមរយៈសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានី-ខេត្ត។
ថ្លែងក្នុងឱកាសនោះដែរ លោកក្នុងនាមលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងការសោកស្តាយនូវការបាត់បង់នាពេលនេះ ហើយលោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះធម្មជាតិ ដែលបង្កឡើងដោយពុំដឹងមុន និងសូមតាមដានស្តាប់ និងទទួលព័ត៌មានផ្សព្វផ្សាយពីអាជ្ញាធរមូលដ្ឋាន អំពីសភាពការណ៍អាកាសធាតុជាប់ជាប្រចាំ ហើយបើមានជួបគ្រោះថ្នាក់ គ្រោះធម្មជាតិ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ ឬអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលនៅមូលដ្ឋានផ្ទាល់។
អំណោយនាពេលនេះ មួយគ្រួសារៗទទួលបាន គ្រឿងឧបភោគ បរិភោគ តង់ធំ១ និងថវិកា២០ម៉ឺនរៀល និងក្រៅពីផ្តល់អំណោយ ក្រុមការងារ បានជួយជួសជុល ប្រក់ដំបូលជូនគ្រួសាររងគ្រោះធ្ងន់ធ្ងរ ដោយប៉ើងដំបូលទាំងស្រុងផងដែរ៕