(ភ្នំពេញ)៖ សង្គ្រាមវាងាយ នឹងឆេះឡើងដោយសារតែមនោគមវិជ្ជា ផ្នត់គំនិត និងសកម្មភាពនយោបាយរបស់បក្សប្រឆាំងបានជ្រើសរើសយកផ្លូវចាស់ នាទសវត្ស៧០ មកប្រើឡើងវិញ។ យើងចាប់គិតត្រឹមឆ្នាំ២០១៣ នាដំណាក់កាលបោះឆ្នោតនីតិកាលទីប្រាំមកប៉ុណ្ណោះ គឺគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់យុទ្ធនយោបាយដូចគ្នា បេះបិទជាមួយនឹង យុទ្ធសាស្ត្រនយោបាយរបស់ក្រុមនយោបាយស្តាំនិយមលន់នុល នាឆ្នាំ១៩៧០ ដើម្បីផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ ដែលញុះញង់ឲ្យយុវជន មានការស្អប់ខ្ពើមរើសអើងជាតិ សាសន៍ បំផុសឲ្យមានកំហឹងវណ្ណៈ លាបពណ៌ខ្មែរណាដែលមិនគាំទ្របក្សខ្លួនទៅជាតិសាសន៍ដទៃដែលគេស្អប់ខ្ពើម។
គំរាមកំហែងជីវិតអ្នកដែលស្មោះត្រង់ជាមួយមេដឹកនាំ និងបម្រើនយោបាយគណបក្សប្រជាជនកម្ពុជា តាមគ្រប់រូបភាព និងមធ្យោបាយដូចជា ពួកអាកញ្ជះយួនឯង ត្រៀមខ្លួនឲ្យហើយទៅ នៅពេលអញឈ្នះ អញនឹងបោសសំអាតឲ្យអស់ពួកអាបំផ្លាញជាតិ លក់ជាតិ កញ្ជះយួន។ អញនឹងអូសក្បាលពួកអាអស់ឯងមុនគេ ! អញនឹងរឹបអូសយកទ្រព្យសម្បត្តិពីពួកឯងជាដើម...។ល។ នេះជាសំដីអ្នកបម្រើ និងអ្នកគាំទ្រនយោបាយរបស់គណបក្សសង្គ្រោះជាតិ។ ជាមួយគ្នានេះមេដឹកនាំគណបក្សសង្គ្រោះជាតិខ្លួនឯង ក៏បាននិយាយក្តែងៗ នៅចំពោះមុខប្រជាពលរដ្ឋថា បើបក្សសង្គ្រោះជាតិឈ្នះឆ្នោតគេ នឹងរឹបអូសទ្រព្យសម្បត្តិ ដីធ្លីពីអ្នកមានទៅចែកអ្នកក្រ បង្កើតុលាការកាត់ទោសឈ្មួញទុច្ចរឹតជាដើម...។ ទាំងនេះហើយដែល សម្តេចតេជោ ហ៊ុន សែន ស្ថានិកសន្តិភាពបានប្រមើល ឃើញដោយក្តីព្រួយបារម្ភថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនដឹកនាំអំណាចទេ សង្គ្រាមនឹង កើតឡើងភ្លាមដោយរូបភាព សកម្មភាពនិងផ្នត់គំនិតគុំគួន ចងអាឃាតរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្របែបណឹងហើយ។
ទោះបីជាមេដឹកនាំគណបក្សសង្គ្រោះជាតិ បាននិយាយថា គណបក្សខ្លួនមិនយកខ្មែរណាជាសត្រូវក៏ពិតមែន តែយើងសួរថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត តើគណបក្ស នេះមានសមត្ថភាពទប់ស្កាត់អ្នកគាំទ្ររបស់ខ្លួនមួយចំនួន ដែលមានគំនិតគុំគួន និងជ្រុលនិយមហួសហេតុទាំងនោះមិនឲ្យ ទៅប្រព្រឹត្តអំពើហឹង្សា ល្មើសច្បាប់ទាំងនោះបានទេ បើក្នុងចិត្តគេរង់ចាំតែឱកាសមកដល់នោះ?។
ខ្ញុំនៅចងចាំយ៉ាងច្បាស់ថា កាលពីព្រលប់ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ក្នុងពេលដែលក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួន គេទទួលព័ត៌មានមិនទាន់ផ្លូវការ ស្តីពីលទ្ធផលនៃការបោះឆ្នោតថា គណបក្សគេមានសម្លេងគាំទ្រឡើង ភ្លាមគេក៏បានផ្ញើជាសម្លេងផង ជាសំនេរផងមកកាន់ប្រអប់សំបុត្រខ្ញុំគំរាមអារក សម្លាប់ខ្ញុំមុនគេ បោសសំអាតក្រុមគ្រួសារត្រកូលហ៊ុនជាដើម។ នេះគេមិនទាន់ឈ្នះផង គេមានចិត្តឃោរឃៅប៉ុណ្ណឹងទៅហើយ ចុះទម្រាំបើគេឈ្នះវិញ តើគេនឹងត្រូវធ្វើអ្វីតាមអំពើ ចិត្តរបស់ពួកគេ? ហើយចុះចំពោះអ្នកទាំងឡាយដែលគេប៉ុនប៉ងនោះ សួរថា តើពួកគេត្រូវនៅស្ងៀមសុខចិត្តឲ្យ អ្នកឯងធ្វើបាបគេដោយស្រួលៗបានទេ?។ នេះហើយជាបញ្ហា ដែលយើងត្រូវលើកយកមកនិយាយប្រាប់ប្រជាពលរដ្ឋឲ្យយល់ពីហេតុផលនៃសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនបានកាន់អំណាចតទៀតនោះ៕
ដោយ៖ ជុំ កុសល
«ខាងក្រោមនេះជារូបភាព នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ចំថ្ងៃបោះឆ្នោតសកល»