(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសថា កិច្ចព្រមព្រៀងរវាងកម្ពុជា-អាមេរិក ពាក់ព័ន្ធនឹង ការបញ្ជូនពលរដ្ឋខ្មែរ ដែលល្មើសច្បាប់ ឱ្យត្រឡប់មកមាតុភូមិវិញ នឹងនៅតែបន្ត គ្មានការលុបចោលទេ ប៉ុន្តែភាគីកម្ពុជានឹងស្នើឱ្យធ្វើវិសោធនកម្មឡើងវិញ ដោយសារហេតុផលមនុស្សធម៌ និងសិទ្ធិមនុស្ស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងនេះ មិនមានការលុបចោលទេ ប៉ុន្តែយើងសុំស្នើ ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ ដោយសារមូលហេតុមនុស្សធម៌ និងសិទ្ធិមនុស្ស»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា វាជារឿងអាណោចអាធមមួយប្រជាពលរដ្ឋខ្មែរ ដែលត្រូវបញ្ជូនមកកម្ពុជាវិញនោះ នឹងត្រូវបែកបាក់ក្រុមគ្រួសារ ភរិយា និងកូនៗរបស់គេ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា អាមេរិកនឹងយោគយល់ចំពោះបញ្ហានេះ ដែលជាគោលការណ៍មនុស្សធម៌ និងសិទ្ធិមនុស្ស។
ការលើកឡើងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង របស់សាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូននិងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណាដែលប្រព្រឹត្តល្មើសឱ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់។
សម្តេចតេជោ បានលើកឡើងថា ពលរដ្ឋខ្មែរដែលបានដាក់ពន្ធនាគារ និងផ្តន្ទាទោសរួចហើយ គួរតែអនុញ្ញាតឲ្យពួកគេ បានបន្តរស់នៅលើទឹកដីអាមេរិកបន្តទៀត។ ជាមួយគ្នានេះ សម្តេចរិះគន់សហរដ្ឋអាមេរិកថា ទុកតែមនុស្ស មានប្រយោជន៍សម្រាប់ខ្លួន បើមនុស្សណាអត់មានប្រយោជន៍ពួកគេបញ្ជូនចេញ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលតាំងខ្លួនជាបិតាសិទ្ធិមនុស្សនឹងទទួលយកសំណើធ្វើវិសោធនកម្មស្តីពីកិច្ចព្រមព្រៀង បញ្ជូនពលរដ្ឋខ្មែរពីអាមេរិកនេះ ដើម្បីឲ្យពួកគេបានរស់នៅជួបជុំក្រុមគ្រួសារ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖