(អង់គ្លេស)៖ វែបសាយកម្សាន្ត និងព័ត៌មានអន្តរជាតិដ៏ល្បីរបស់អង់គ្លេស «Daily Mail» បានធ្វើការចុះផ្សាយរឿង នាង ដេននី ក្វាន់ តារាសិចស៊ីរបស់ប្រទេសកម្ពុជា ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសហាមមិនឲ្យមានសកម្មភាព ក្នុងវិស័យសិល្បៈរយៈពេល១ឆ្នាំនោះ ដោយនៅក្នុងគេហទំព័ររបស់ខ្លួន ដែលបាននិងកំពុងទាក់ទាញ អ្នកចូលទស្សនាជាច្រើនពាសពេញពិភពលោក។ នេះបើតាមការដកស្រង់ពី Daily Mail នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺមានសាធារណៈមតិជាច្រើននៅអង់គ្លេស ដែលបានឃើញរូបភាពសិចស៊ីជាច្រើនសន្លឹក របស់ ដេននី ក្វាន់ ដែលត្រូវបាន Daily Mail បង្ហោះនោះ បានលើកឡើងប្លែកពីគ្នាថា តារាបទពិសោធន៍ក្មេងខ្ចី ក្នុងវិស័យសិល្បៈរបស់កម្ពុជារូបនេះ ទំនងជាកែសម្រស់ ដោយភាគច្រើនចាប់អារម្មណ៍ ទៅដើមទ្រូងរបស់នាងតែម្តង។
ដោយឡែកមួយចំនួនទៀត បានបង្ហាញការងឿងឆ្ងល់ ចំពោះភាពសិចស៊ីនេះថា វាមិនមែនជារឿងអ្វីដែលជ្រុលហួសនោះឡើយ ប៉ុន្តែក៏មានមតិមួយចំនួនទៀត បានលើកឡើង អំពីហេតុផលមួយចំនួន ដោយពួកគេចង់សំដៅ ទៅលើតម្លៃនៃវប្បធម៌រស់នៅ របស់ប្រទេសខុសៗគ្នា ហើយនឹងតារានៅក្នុងសង្គម ដែលត្រូវឲ្យតម្លៃលើវប្បធម៌ ពួកគេដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីមានកិច្ចប្រជុំយ៉ាងក្ដៅគគុកមួយ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីដាក់ពិន័យ និងធ្វើការព្រមាន លើតារាសម្ដែង កញ្ញា ដេននី ក្វាន់ ដែលជាតារាចូលចិត្តបញ្ចេញភាពសិចស៊ីហួសហេតុ ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរ ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងប្រធានសមាគមសិល្បៈទាំងពីរួចមក នៅល្ងាចថ្ងៃដដែលនេះ តារាសម្ដែង នាង ដេននី ក្វាន់ បានទទួលយកនូវការដាក់ពិន័យ និងយល់ព្រមតាមក្រសួង ដែលបានចាត់វិធានការណ៍មកលើខ្លួន ដោយមិនបានប្រតិកម្ម ឬប្រកែកអ្វីឡើយ។
តារាសម្តែងសិចស៊ី មានដើមកំណើតពីទឹកដីខេត្ត ព្រះវិហារ កញ្ញា ដេននី ក្វាន់ បានថ្លែងប្រាប់ Khmertalking តាមរយៈសារអេឡិចត្រូវនិចថា « ខ្ញុំគិតថា បើក្រសួងមានចំណាត់ការយ៉ាងម៉េច ខ្ញុំទទួលយកគ្រប់យ៉ាង ហើយបន្តទៅទៀត នាងខ្ញុំនៅតែបន្តការងារ មនុស្សធម៌ និងប្រកបមុខរបរនាងខ្ញុំធម្មតា..!»។
ដេននី ក្វាន់ បន្តទៀតថា «ម្យ៉ាងទៀត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ ក៏ដូចជាបណ្តាសមាគមទាំងអស់ ដែលបានអនុញ្ញាតឲ្យស្នាដៃខ្ញុំ សម្តែងកន្លងមក បានចរាចរណ៍ដាក់បញ្ចាំងលើទីផ្សារ។ ខ្ញុំមិនមានការខឹង ឬអន់ចិត្តអ្វីឡើយ ចំពោះចំណាត់ការរបស់ក្រសួង និងមានតែការទទួលយក ដោយពេញចិត្ត ហើយព្យាយាមកែប្រែ និងអនុវត្តន៍តាមគោលការពិន័យ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ..!»។
ជាការពិត បើតាមលទ្ធផល នៃកិច្ចក្រជុំកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេច ដាក់ពិន័យតារាសម្តែងរូបស្រស់ កញ្ញា ដេនី ក្វាន់ មិនឲ្យមានវត្តមាន នៅក្នុងវិស័យសិល្បៈគ្រប់រូបភាពទាំងអស់ ដូចជា ការសម្តែង ថតខ្សែភាពយន្ត ច្រៀង នៅតាមកញ្ចក់ទូរទស្សន៍ ជាដើម៕