(ពោធិ៍សាត់)៖ សកម្មជនសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ (CNRP) បានដើរចេញពីគណបក្សជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿលើការជ្រើសរើសក្បាលម៉ាស៊ីនល្មោភអំណាច គ្មានឧត្តមគតិស្នេហាជាតិ មិនមានគោលនយោបាយច្បាស់លាស់ មិននៅនឹងកន្លែងជាមួយកូនចៅ សន្យាខ្យល់ និងខកចិត្តដែលមានការប្រកាន់បក្ខពួក និងប្រព្រឹត្តអំពើពុករលួយ។
ជាក់ស្តែង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សកម្មជនសំខាន់ៗប្រមាណ៤២រូប មកពី៤ភូមិ ក្នុងឃុំត្រពាំងជង ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះមានសកម្មជនប្រតិបត្តិភូមិ និងថ្នាក់ដឹកនាំភូមិ បានសម្រេចចិត្តចាកចេញពីគណបក្ស ហើយមកចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសចូលរួមការងារជាមួយគណបក្សប្រជាកម្ពុជា ត្រូវធ្វើឡើងនៅសាលប្រជុំស្នាក់ការគណបក្សឃុំត្រពាំងជង ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោក ខូយ សុខា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក ម៉ក់ រ៉ា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត លោក ហេង ចាន់ធួន អនុប្រធានគណៈពង្រឹងគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ការប្រកាសចូលរួមការងារជាមួយCPPនាពេលនេះ មិនមែនជាលើកទី១ទេ ហើយតទៅមុខទៀត នឹងមានបន្ថែមទៀតបើលោក កឹម សុខា មិនលាលែងពីតំណែង ជាពិសេសរហូតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។
សេចក្តីរាយការណ៍បន្តថា អស់ជំនឿលើមេដឹកនាំទៀតហើយ! សកម្មជនសំខាន់ៗរបស់ CNRP ក្នុងស្រុកបាកាន៤២រូប បន្តដើរចេញពីគណបក្ស មករួមរស់ជាមួយ CPP។
លោក ហេង ចាន់ធួន បានឲ្យដឹងផងដែរថា «គោលនយោបាយបក្សប្រឆាំង គឺមិនច្បាស់លាស់ទេCNRP បានចោទCPP និងបាននិយាយថា ត្រូវរើសមេឃុំបម្រើរាស្រ្ត កុំរើសមេឃុំបម្រើបក្ស តែពាក្យនេះគួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ ហើយបក្សប្រឆាំងមានដែលបម្រើរាស្រ្តស្អីខ្លះ? ធ្វើអ្វីបានខ្លះ?»។ បើមេឃុំបក្សប្រជាជនកម្ពុជា ទើបបានបម្រើសរាស្រ្តពិតប្រាកដ រួមទាំងកសាង និងអភិវឌ្ឍន៍ភូមិ/ឃុំ ឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។ ជាមួយគ្នានោះគណបក្សប្រជាជនកម្ពុជា ទើបមានឧត្តមគតិស្នេហាជាតិ បញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ ឈរលើមូលដ្ឋានរបបប្រជាធិបតេយ្យ ទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ មានគោលនយោបាយស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិនៅពេលបចជុប្បន្ន និងពេលខាងមុខ៕