(ភ្នំពេញ)៖ សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា និងក្រុមហ៊ុនចិញ្ចឹមជ្រូក រួមទាំងកសិករចិញ្ចឹមជ្រូកខ្នាតតូចផងដែរនោះ បានស្នើ និងសំណូមពរយ៉ាងទទូច ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទប់ស្កាត់ការនាំចូលជ្រូក មកកាន់ប្រទេសកម្ពុជា ព្រោះការបើកដៃឲ្យនាំចូលជ្រូកនេះ បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ការចិញ្ចឹមរបស់ពួកគាត់។
ការស្នើយ៉ាងទទូចរបស់ក្រុមអ្នកចិញ្ចឹមជ្រូកនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ផ្នែកឯកជន នៅអគ្គនាយកដ្ឋាន សភាពាណិជ្ជកម្មកម្ពុជា ក្រោមការចូលរួមពីលោកឧកញ៉ា ម៉ុង ឬទ្ធី សហប្រធានក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ផ្នែកឯកជន និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងមានការអញ្ជើញចូលរួម ពីបណ្តាសមាគមអ្នកចិញ្ចឹមជ្រូក ក្រុមហ៊ុនធំ មធ្យម កសិករខ្នាតតូច និងអ្នកប្រកបរបរកសិកម្ម សរុបប្រមាណជាង៥០នាក់។
លោកឧកញ៉ា លឹម ហេង បានសរសេរក្នុង Facebook ផ្លូវការរបស់លោកថា ដោយសាតែមានសំណូមពរ យ៉ាងទទូចពីសមាជិក ដើម្បីពិភាក្សានិងចូលរួមជាមួយក្រសួង អនុវត្តលើសេចក្តីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលជ្រូករស់ពីប្រទេសជិតខាង ធ្វើឱ្យបះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការចិញ្ចឹមរបស់ពួកគាត់។ អង្គប្រជុំសហប្រធានក្រុមការងារ នឹងត្រូវលើកយកសំណើរ ទុកកង្វល់ទាំងអស់នេះ ដាក់ស្នើសុំ ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សុំប្រជុំជាអន្តរក្រសួង ដើម្បីឲ្យជួយរកដំណោះស្រាយជូនបងប្អូន។
សូមជម្រាបថា ក្នុងមួយថ្ងៃៗជ្រូករស់ប្រមាណ១០០០ក្បាល ត្រូវបាននាំចូលពីប្រទេសវៀតណាម មកផ្គត់ផ្គង់តម្រូវរបស់ ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជ្រូក១២០០ក្បាលក្នុងមួយថ្ងៃ។ ទាំងនេះមិនទាន់គិតពីតម្រូវការ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេសផង។ បើតាមសមាគមអ្នកជ្រូកកម្ពុជា១ថ្ងៃៗ កម្ពុជានាំចូលជ្រូកប្រមាណ៥០០០ក្បាល មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕