(ប៉ៃលិន)៖ ពលករខ្មែរប្រុស-ស្រី ចំនួន៥៧នាក់ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួន និងអប់រំ អំពីបញ្ហាលួចឆ្លងដែនខុសច្បាប់ ទាំងប្រថុយប្រថាន ទៅប្រទេសថៃ ដែលអាចនឹងប្រឈមនូវគ្រោះថ្នាក់។
តាមសេចក្ដីរាយការណ៍ពីអាជ្ញាធរខេត្តប៉ៃលិន បានឲ្យដឹងថា ពលករខ្មែរប្រុស-ស្រីទាំង៥៧នាក់ខាងលើ បានបម្រុងឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងរវាងព្រំដែនខេត្តប៉ៃលិន ជាប់ព្រំប្រទល់ខេត្តចន្ទបុរី ប្រទេសថៃ ដើម្បីទៅធ្វើការនៅប្រទេសថៃ តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខេត្តប៉ៃលិន បាននាំយកមកធ្វើការអប់រំណែនាំ អំពីបញ្ហាឆ្លងដែនដោយខុសច្បាប់ ។
អាជ្ញាធរខេត្តប៉ៃលិនដដែលរូបនេះ បានបន្តទៀតថា ការឃាត់ខ្លួន និងអប់រំ អំពីបញ្ហាលួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងនៅក្នុង បរិវេណនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ស្របជាមួយគ្នានោះ អាជ្ញាធរ និងសមត្ថកិច្ចខេត្តប៉ៃលិន ក៏បានទិញបាយនិងទឹក ចែកជូនពួកគាត់ហូបផងដែរ។
ក្រោយពីបានធ្វើការអប់រំរួចរាល់ហើយ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យកម្លាំងនគរបាលក្រោមឱវាទ យករថយន្តនគរបាលមួយចំនួនទៅដឹកបញ្ជូនពលករទាំងនោះ ឲ្យត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួន។
ជាមួយគ្នានេះដែរ ពលករដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបានអប់រំ ខាងលើនេះ បានអះអាំងថា កត្តាដែលពួកសម្រេចចិត្តនាំគ្នា ចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសថៃ គឺដោយសារតែជីវភាពគ្រួសារ និងបានចាញ់បោកក្រុមមេខ្យល់ញោះញង់ ដោយយកលុយក្នុងម្នាក់ តម្លៃ៣សែនរៀល ហើយបានធានាថា ទៅដល់ប្រទេសថៃ គឺមានការងារច្រើន ទទួលកម្រៃក្នុង១ថ្ងៃ ៣០០បាត ទៅ៤០០បាត ឯណោះ៕