(ភ្នំពេញ)៖ ការបរិច្ចាគឈាម គឺជាសកម្មភាពសប្បុរសធម៌មួយ និងមានសារៈសំខាន់ណាស់ សម្រាប់ជនរងគ្រោះនៅតាមមន្ទីរពេទ្យនានា ដែលត្រូវការឈាមជាចាំបាច់ ។ ដើម្បីឆ្លើយតបតាមតម្រូវការនេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម និងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានរៀបចំកម្មវិធីបរិច្ចាគឈាមមួយ ដែលមានឈ្មោះថា «ឈាមរបស់យើងគឺជា ឱសថដ៏ស័កិ្តសិទ្ធ សម្រាប់ជីវិតមនុស្ស» នៅបរិវេណនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលមានការចូលរួមពីសំណាក់លោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, លោកឡុង សុផេង សាកលវិទ្យាធិការង ទទួលបន្ទុកកិច្ចការបណ្ឌិតសភា នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ, លោក អ៊ុំ វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ សាស្ត្រាចារ្យ និស្សិត សាធារណជន និងបុគ្គលិក នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជាច្រើននាក់ ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងអំណរគុណ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រទាំងអស់ ដែលបានប្រារព្ធកម្មវិធីផ្តល់ឈាមនេះ លោកថា ការចូលរួមបរិច្ចាគឈាមនេះ គឺពិតជាប្រសើរណាស់ ព្រោះស្តុកឈាមរបស់យើង ក៏កំពុងតែត្រូវការប្លោកឈាមដើម្បីបំពេញបន្ថែម សម្រាប់ការផ្គត់ផ្គង់ដល់តម្រូវការ ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ។
ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ក៏បានផ្ដាំផ្ញើទៅដល់និស្សិត សិស្ស ប្រជាពលរដ្ឋ ទាំងអស់ថា ការរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ទៅដល់សុខភាពនោះឡើយ ព្រោះមានការកកើតគ្រាប់ឈាមពីខួរឆ្អឹង ហើយការបរិច្ចាគនេះ អាចឲ្យយើងបានដឹងពីស្ថានភាពសុខភាពរបស់យើងផ្ទាល់ ជាពិសេសទាំងនោះទៀតនោះ គឺបានជួយសង្គ្រោះទៅដល់អាយុជីវិតរបស់អ្នកជំងឺ ឲ្យរស់រានមានជីវិតឡើងវិញ។ លោកក៏បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគឈាមដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។ លោកបន្តថា បើសិនជាគ្មានការចូលរួមចំណែក ពីសប្បុរសជនទាំងឡាយ នោះមជ្ឈមណ្ឌល ក៏មិនអាចទ្រទ្រង់ និងផលិតឈាមដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ។
លោកឡុង សុផេង សាកលវិទ្យាធិការង ទទួលបន្ទុកកិច្ចការបណ្ឌិតសភា នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានឲ្យដឹងថា នេះជាលើក ទី២ ហើយដែលសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំកម្មវិធីនេះឡើង ដែលឆ្នាំមុនកម្មវិធីនេះ ទទួលបាន ជោគជ័យ និងមានការគាំទ្រពីនិស្សិតសាស្រ្តាចារ្យ បុគ្គលិក និងសាធារណជនជាច្រើន ហើយយើងក៏បានទទួល អំណោយឈាមប្រមាណជា៧០ប្លោក។
ក្នុងនោះផងដែរ ក៏មានការចូលរួមគាំទ្រ ពីក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលវីតាល់ បានជួយឧបត្ថម្ភ ទៅដល់ កម្មវិធីនេះ ក្នុងគោលបំណងលើកទឹកចិត្តដល់និសិត្ស សាស្រ្តាចារ្យ បុគ្គលិក និងសាធារណជន ដើម្បីចូលរួម ផ្តល់ឈាមឲ្យបានច្រើនទៅដល់ជនរងគ្រោះដែលត្រូវការឈាម ។
លោក អ៊ុំ វណ្ណៈ មន្ត្រីទំនាក់ទំនង នៃក្រុមហ៊ុនទឹកពិសា វីតាល់ បានថ្លែងថា លោកពិតជារីករាយ នៅពេលដែលបានឃើញប្អូនៗនិសិ្សត ក៏ដូចជាមិត្តយុវវ័យកម្ពុជា បច្ចុប្បន្នមានការយល់ដឹងច្រើន ពីអត្ថ ប្រយោជន៍ និងអំពើមនុស្សធម៌នៃការផ្តល់ឈាម ដែលទង្វើនេះគឺជាសកម្មភាពវិជ្ជមានមួយ ពង្រឹងដល់សាមគ្គីភាពនៃប្រទេសទាំងមូល ដែលនាំទៅរកភាពអភិវឌ្ឍ និងការរីចម្រើន ។ វីតាល់ក៏នៅតែបន្តគាំទ្រ ដល់អំពើមនុស្សធម៌ទាំងនេះ ឲ្យកាន់តែច្រើន ដើម្បីឆ្លើយតបនឹងការគាំទ្រ របស់អតិថិជនមកលើមូលនិធិ ២៥៛។
ជាចុងក្រោយនេះ តាងនាមឲ្យសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, មជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងក្រុមហ៊ុនទឹកពិសា វីតាល់ សូមអរគុណទៅដល់អ្នក ដែលបានមកបរិច្ចាគឈាមទាំងអស់ ដែលបានចំណាយពេលវេលា ក្នុងការរួមចំណែកជួយសង្រ្គោះ ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមយកទៅប្រើប្រាស់ ជាចាំបាច់ហើយយើង ទាំងអស់គ្នាសង្ឃឹមថា ប្រជាជនកម្ពុជានឹងបន្តគាំទ្រការបរិច្ចាគឈាមនេះ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់៕